អន្តរជាតិ

ក្មេងប្រុសអាយុ ៦ឆ្នាំម្នាក់បំបែកកំណត់ត្រាដើរឡើងភ្នំអេវឺរ៉េសក្នុងចម្ងាយផ្លូវ ៦៥គីឡូម៉ែត្រដោយប្រើរយៈពេល ១០ថ្ងៃ

BY
Pheakdey
December 5, 2022

សិង្ហបុរី៖ ក្មេងប្រុសអាយុ ៦ឆ្នាំបានបំបែកកំណត់ត្រាក្លាយជាមនុស្សមានអាយុតិចបំផុតដែលអាចដើរឡើងភ្នំអេវឺរ៉េស ដែលជាភ្នំដ៏ខ្ពស់បំផុតនៅលើពិភពលោក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី៥ ខែវិច្ឆិកានេះបានបញ្ជាក់ថា កុមារារូបនេះមានឈ្មោះថា Om Madan Garg មកពីប្រទេសសិង្ហបុរី ហើយការដើរឡើងលើភ្នំដ៏ខ្ពស់បំផុតនេះ គឺរូបគេមិនមែនមកតែម្នាក់ឯងនោះទេ ពោលគឺមានការរួមដំណើរជាមួយម្តាយឪពុករបស់គេ គឺលោក Mayur Garg អាយុ ៣៨ឆ្នាំ និងលោកស្រី Gayatri Mahendram អាយុ ៣៩ឆ្នាំ។

ប្រភពខាងលើបានបន្តថា កុមារា Om Madan Garg គឺជាកូនសិស្សកំពុងរៀនថ្នាក់មត្តេយ្យសិក្សាកម្រិត ២ តែរូបគេមានបទពិសោធន៍ធ្វើដំណើរផ្លូវឆ្ងាយនិងឆ្លងកាត់ប្រទេសជាច្រើនជាមួយឪពុកម្តាយតាំងពីរូបគេនៅមានអាយុ ២ខួបកន្លះម្លេះ។ ជាក់ស្តែងដើម្បីឡើងលើភ្នំអេវឺរ៉េសនេះគឺកុមារា Om Madan Garg ត្រូវធ្វើដំណើរជាមួយឪពុកម្តាយរហូតដល់១០ថ្ងៃ និងត្រូវបោះតង់ស្នាក់នៅតាមផ្លូវជាបន្តបន្ទាប់ចាប់ពីជើងភ្នំរហូតដល់លើភ្នំ។ សូមបញ្ជាក់ជូនថា ភ្នំអេវឺរ៉េសមានទីតាំងស្ថិតនៅក្នុងប្រទេសនេប៉ាល់ មានកម្ពស់សរុប ៨ ៨៥០ម៉ែត្រ ហើយជាទូទៅការដើរឡើងលើភ្នំមួយនេះគឺគេអាចដើរឡើងបានដល់ត្រឹមចំណុចមួយដែលគេហៅថា “ជំរុំមូលដ្ឋានរបស់ភ្នំអេវឺរ៉េស” ដែលមានកម្ពស់ ៥ ៣៦៣ម៉ែត្រ។ ដើម្បីឡើងដល់ចំណុច “ជំរុំមូលដ្ឋានរបស់ភ្នំអេវឺរ៉េស” នេះគឺគេត្រូវដើរវាងតាមជើងភ្នំនិងចង្កេះភ្នំជាច្រើនជុំ ដែលធ្វើឲ្យចម្ងាយផ្លូវសម្រាប់ដើរឡើងត្រូវមានប្រវែងសរុបចំនួន ៦៥គីឡូម៉ែត្រ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

 

 

Share This Post: