អន្តរជាតិ

អាមេរិកអះអាងថា ក្រុម Hacker ចិនបានលួចលុយដែលជាមូនិធិកូវីដ-១៩ របស់ខ្លួនអស់ជាង ១០លានដុល្លារចាប់តាំងពីឆ្នាំ ២០២០មក

BY
Pheakdey
December 6, 2022

អាមេរិក៖ អាមេរិកបានអះអាងថា ក្រុម Hacker របស់ចិនបានលួចលុយដែលជាមូនិធិសម្រាប់ជួយជនរងគ្រោះដោយជំងឺកូវីដ-១៩ របស់ខ្លួនអស់ប្រមាណជា ១០លានដុល្លារ បើគិតចាប់តាំងពីឆ្នាំ ២០២០មក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៦ ខែវិច្ឆិកានេះបានឲ្យដឹងថា ការចោទប្រកាន់ខាងលើនេះត្រូវបានធ្វើឡើងដោយទីភ្នាក់ងារផ្តល់សេវាសម្ងាត់ (Secret Service) ខណៈស្ថាប័នមួយនេះបានយករបាយការណ៍លម្អិតជុំវិញករណីដ៏រសើបខាងនេះទៅបង្ហាញសាធារណៈនៅលើបណ្តាញសារព័ត៌មានអន្តរជាតិ NBC។

បើតាមទីភ្នាក់ងារផ្តល់សេវាសម្ងាត់អាមេរិកបានបញ្ជាក់ថា ក្រុម Hacker របស់ចិនដែលជាអ្នកនៅពីក្រោយករណីមួយនេះគឺត្រូវបានគេស្គាល់ថា ជាក្រុម APT41 ឬ Winnti ខណៈសកម្មភាពរបស់ក្រុម Hacker ទាំងនេះក៏ត្រូវបានគាំទ្រពីសំណាក់រដ្ឋាភិបាលចិនផងដែរ។ នៅក្នុងរបាយការណ៍របស់ទីភ្នាក់ងារផ្តល់សេវាសម្ងាត់អាមេរិកក៏បានឲ្យដឹងផងដែរថា នៅក្នុងចំណោមសមាជិកនៃក្រុម Hacker មួយនេះក៏ត្រូវបានអាជ្ញាធរអាមេរិករកឃើលញថា គឺជាចារកម្មរបស់រដ្ឋាភិបាលចិនដែលបានប៉ុនប៉ងលួចយកទិន្នន័យពីក្រុមហ៊ុនបច្ចេកវិទ្យាជាង​ ១០០ក្រុមហ៊ុននៅលើទឹកដីអាមេរិកកាលពីឆ្នាំ ២០២០កន្លងទៅ។ គិតត្រឹមពេលនេះគេនៅមិនទាន់ឃើញភាគីខាងប្រទេសចិនធ្វើការឆ្លើយតបនិងមានប្រតិកម្មយ៉ាងណានោះទេចំពោះការចោទប្រកាន់ខាងលើនេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: