អន្តរជាតិ

រុស្ស៊ីអះអាងថា ការកំណត់តម្លៃប្រេងរបស់ខ្លួននៅលើទីផ្សារពិភពលោកនឹងមិនធ្វើឲ្យឥទ្ធិពលរបស់រុស្ស៊ីចំពោះសង្គ្រាមនៅអ៊ុយក្រែនចុះថយនោះទេ 

BY
Pheakdey
December 6, 2022

រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានអះអាងថា ការសម្រេចរបស់ក្រុមប្រទេសលោកខាងលិចចំពោះវិធានការកំណត់តម្លៃប្រេងរបស់ខ្លួននឹងមិនធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពរបស់ខ្លួនក្នុងការទ្រទ្រង់ “ប្រតិបត្តិការយោធាពិសេស” នៅក្នុងប្រទេសអ៊ុយក្រែននោះទេ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៦ ខែវិច្ឆិកានេះបានបញ្ជាក់ថា ការលើកឡើងនេះត្រូវបានធ្វើឡើងដោយលោក Dmitry Peskov ដែលជាអ្នកនាំពាក្យឲ្យវិមានក្រឹមឡាំង ដើម្បីជាការឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់ប្រទេស G7 សហគមន៍អឺរ៉ុប និងប្រទេសអូស្រ្តាលី ដែលបានសម្រេចរួមគ្នាក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៊ីដែលត្រូវនាំចេញទៅកាន់ទីផ្សារពិភពលោក។

គួររម្លឹកជូនថា កាលពីចុងសប្តាហ៍កន្លងទៅនេះក្រុមប្រទេសដែលជាសម័្ពន្ធមិត្តទាំងអស់ខាងលើនេះបានសម្រេចរួមគ្នាថា នឹងកំណត់ថ្លៃលើប្រេងដែលរុស្ស៊ីត្រូវនាំចេញទៅកាន់ទីផ្សារពិភពលោកមិនឲ្យលើពីតម្លៃ ៦០ដុល្លារនោះទេក្នុងមួយបារ៉ែល ខណៈនាពេលបច្ចុប្បនេះប្រេងឆៅមួយបារ៉ែលមានតម្លៃប្រមាណជា ៨៧,២៤ ដុល្លារនៅលើទីផ្សារពិភពលោក។ ការសម្រេចនេះត្រូវបានធ្វើឡើងដោយផ្អែកលើហេតុផលថា ដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ី ដែលអាចឈានទៅដល់ការកាត់បន្ថយឥទ្ធិពលរបស់រុស្ស៊ីចំពោះការធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។ សូមបញ្ជាក់ផងដែរថា កត្តាដែលធ្វើឲ្យក្រុមប្រទេសជាសម័្ពន្ធមិត្តខាងលើអាចកំណត់តម្លៃចំពោះប្រេងរុស្ស៊ីបានគឺដោយហេតុថា នាពេលបច្ចុប្បន្ននេះការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីប្រមាណជា ៩០% សម្រាប់នាំទៅកាន់ទីផ្សារពិភពលោកត្រូវពឹកផ្អែកលើក្រុមហ៊ុនធំៗដែលស្ថិតនៅក្នុងប្រទេស G7 ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: