ថៃចេញយុទ្ធការក្តៅមិនឱ្យមានអ្នកសុំទានតាមចិញ្ចើមផ្លូវឡើយ ហើយបើចាប់បានអាចប្រឈមមុខនឹងការផាកពិន័យ ១០,០០០បាត
ប្រទេសថៃត្រូវបានឱ្យដឹងមកថា រាល់អ្នកសុំទានតាមចិញ្ចើមផ្លូវដែលត្រូវបានហាមប្រាមមិនឱ្យដើរសុំទាន ប៉ុន្តែនៅតែសុំទានម្តងហើយម្តងទៀត នឹងត្រូវមានទោសជាប់ពន្ធនាគារមួយខែ ឬត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ១ម៉ឺនបាត (ប្រហែល ១,២៤៤,៧០០រៀល) ខណៈដែលខេត្តចំនួន ៦ នឹងត្រូវបានប្រកាសថា នឹងជាតំបន់គ្មានអ្នកសុំទាន នៅក្រោមគម្រោងសំខាន់មួយក្រោមបទបញ្ជាថ្មីដែលត្រូវបានអនុម័តដោយគណៈកម្មាធិការត្រួតពិនិត្យអ្នកសុំទាននៅសប្តាហ៍នេះ។ ខេត្តចំនួន ៦ គឺខេត្តស៊ីងប៊ុរី ប្រាជិនបូរី ឡាំហ្វុន ផាតតាឡាំង ប៊ូរីរ៉ាម និងសុខោទ័យ។ ចំណែកឯខេត្តចំនួន ១១ ផ្សេងទៀតក៏បានប្រកាសពីបំណងរបស់ខ្លួនក្នុងការក្លាយជាតំបន់គ្មានអ្នកសុំទាន និងត្រូវបានគ្របដណ្ដប់ដោយគម្រោង Project Umbrella។
ព័ត៌មានលម្អិតអំពីគម្រោងត្រូវបានគេពិភាក្សានៅឯកិច្ចប្រជុំប្រចាំឆ្នាំលើកទី១ របស់គណៈកម្មាធិការកាលពីថ្ងៃច័ន្ទ ដែលរួមមានរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខជាតិឧត្តមសេនីយ៍ Anantaporn Kanjanarat។ កិច្ចប្រជុំបានពិភាក្សាអំពីការគ្រប់គ្រងអ្នកសុំទានតាមផ្លូវជាលើកដំបូង (ឆ្នាំ២០១៩-២០២១) ដែលមានវិធានការជាក់លាក់មួយដើម្បីកាត់បន្ថយចំនួនអ្នកសុំទាន។ របាយការណ៍ក៏បាបឱ្យដឹងដែរថា ប៉ូលីសនឹងផ្តន្ទាទោសជនល្មើសតាមរយះកំរិតពិន័យជាប្រាក់កម្រៃ និងពិន័យជាប្រាក់ចំនួន ៥០០បាត សម្រាប់បទល្មើសទីមួយ, ពិន័យជាប្រាក់ ២,០០០បាត សម្រាប់បទល្មើសទីពីរ, ពិន័យជាប្រាក់ ៥,០០០បាត សម្រាប់បទល្មើសទីបី និងពិន័យ ១០,០០០បាត សម្រាប់អ្នកដែលត្រូវចាប់ខ្លួនជាលើកទី៤ ឬច្រើនជាងនេះ។
កិច្ចប្រជុំក៏បានឮអំពីសកម្មភាពដែលប្រឆាំងនឹងអ្នកសុំទាននៅទូទាំងប្រទេស។ ចំណែកខេត្តណានថាបុរីក៏បានបង្កើតនូវគណៈកម្មាធិការថ្នាក់ស្រុកដែលមានភារកិច្ចកាត់បន្ថយចំនួនអ្នកសុំទាន ខណៈខេត្តត្រាងខាងត្បូងបានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកសុំទានដើម្បីឱ្យពួកគេអាចថែរក្សាគ្រួសាររបស់ពួកគេប្រកបដោយនិរន្តរភាព។ ហើយក៏មានអ្នកសុំទាន (សំដែង) តាមផ្លូវប្រហែល ៣,៥០០នាក់ បានចុះបញ្ជីជាមួយអាជ្ញាធរ ដូច្នេះកន្លែងសាធារណៈនឹងត្រូវបានរៀបចំឱ្យមានសណ្តាប់ធ្នាប់ល្អ។ ចំពោះខេត្តទាំង ១១ ដែលចាប់អារម្មណ៍ចង់ចូលរួមកម្មវិធីនេះ គឺមានដូចជា៖ ខេត្តត្រាវិញ បឹងកាន ណាខនផានុំ ប៉ាតានី ផាំង៉ា ណាន់ ពេជ្រចាប៊ូន ព្រែ រ៉ាត់ចាប៊ូរី ម៉េហុងសុននិងណុងប៊ុឡាមភូ៕

អត្ថបទ៖ លីដា
ប្រភព៖ nationmultimedia