ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃ៖ ចោរមួយក្រុមនាំគ្នាសម្រុកចូលប្លន់ហាងមាស សយធំប៉ះចំថៅកែហាងជាជើងឯកបាញ់កាំភ្លើង បាញ់តបវិញ ក្រុមចោររត់បះជើងព្រាត (មានវីដេអូ)

    BY Khmernote Media December 9, 2022
    ថៃ៖ ចោរមួយក្រុមនាំគ្នាសម្រុកចូលប្លន់ហាងមាស សយធំប៉ះចំថៅកែហាងជាជើងឯកបាញ់កាំភ្លើង បាញ់តបវិញ ក្រុមចោររត់បះជើងព្រាត (មានវីដេអូ)

    ថៃ៖ ថ្មីៗនេះមានករណីប្លន់មិនបានសម្រេចមួយ បានកើតឡើងនៅឯប្រទេសថៃ ដោយជនល្មើសមានគ្នា ៤នាក់ ជិះម៉ូតូ ២គ្រឿង ប្រដាប់ដោយអាវុធ និងឧបករណ៍កាត់ដែក បានចូលទៅប្លន់ហាងមាសមួយកន្លែង នៅមុខសាលា Takpittayakhom ក្នុងខេត្តតាក។​ នៅពេលមកដល់ចំណុចមុខហាងមាស ក្រុមជនល្មើសដែលមានអាយុប្រហែល ២៥-៣០ ឆ្នាំទាំងនោះ ក៏បាន​ទម្លាយ​ចូលទៅក្នុងហាង ដោយ​ប្រើ​កាំភ្លើងបាញ់​ទ្វារកញ្ចក់របស់ហាង។ យ៉ាងណាក៏ដោយ វាមិនងាយស្រួលដូចការរំពឹងរបស់ពួកលោកចោរនោះទេ ខណៈដែលពួកជនល្មើសបានព្យាយាមកាត់ដែកនៅបញ្ជរលក់មាស ស្រាប់តែម្ចាស់ហាងមាសទាញកាំភ្លើងវែងបាញ់តបតវិញ។

    នៅក្នុងវីដេអូបានបង្ហាញថា ម្ចាស់ហាងបានប្រើប្រាស់កាំភ្លើងវែងបាញ់ទៅជនល្មើស ដែលបណ្តាលឱ្យជនល្មើស ១នាក់ រងរបួសធ្ងន់ធ្ងរដេកដួលលើដី ខណៈក្រុមជនល្មើសផ្សេងទៀតបានរត់គេចខ្លួន និងបន្សល់ទុកម៉ូតូ ១គ្រឿង ហើយខ្លះទៀតបានរត់ពួននៅម្តុំមុខហាង។ ក្រោយទទួលបានការរាយការណ៍ ប៉ូលិស​ក៏ចាប់បានចោរ​ចំនួន ​២​នាក់​ (ម្នាក់ដែលរបួស និងម្នាក់ដែលរត់ពួន) ហើយ ២ នាក់ផ្សេងទៀត បាន​រត់គេច​ខ្លួន​បាត់។ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក គេក៏ឃើញមានការបង្ហោះរូបភាពកាំភ្លើងវែងរបស់ម្ចាស់ហាង និងពានរង្វាន់មួយផងដែរ ដែលអាចឱ្យដឹងបានថា ម្ចាស់ហាងគឺជាអ្នកជំនាញ ឬជាជើងឯកខាងបាញ់កាំភ្លើង៕

    អត្ថបទ៖ លីដា
    ប្រភព៖ Thairath

    Share This Post: