អន្តរជាតិ

លោក ពូទីន ៖ រុស្ស៊ីអាចនឹងកាត់បន្ថយការផលិតប្រេងហើយឈប់លក់ប្រេងឲ្យប្រទេសទាំងឡាយណាដែលបានចូលរួមធ្វើការកំណត់តម្លៃប្រេងរុស្ស៊ីនៅលើទីផ្សារពិភពលោក

BY
Pheakdey
December 10, 2022

រុស្ស៊ី៖ លោកប្រធានាធិបតីនៃប្រទេសរុស្ស៊ី វ៉ា្លឌីមៀ ពូទីន បាននិយាយថា រុស្ស៊ីអាចនឹងកាត់បន្ថយការផលិតប្រេងនិងឈប់លក់ប្រេងឲ្យទៅប្រទេសទាំងឡាយណា ដែលបានសម្រេចកំណត់តម្លៃប្រេងរបស់រុស្ស៊ីសម្រាប់ការដាក់លក់ទៅលើទីផ្សារពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែធ្នូនេះ។ ការថ្លែងរបស់ប្រមុខដឹកនាំរុស្ស៊ីនៅពេលនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការសម្រេចរបស់ក្រុមប្រទេស G7 និងប្រទេសអូស្ត្រាលី ដែលបានព្រមព្រៀងគ្នាធ្វើការកំណត់តម្លៃប្រេងដែលរុស្ស៊ីត្រូវនាំចេញទៅកាន់ទីផ្សារនៅលើពិភពលោកមិនមានតម្លៃលើសពី ៦០ដុល្លារនោះទេក្នុងមួយធុងបារ៉ែល​​ ខណៈនាពេលបច្ចុប្បន្ននេះប្រេងមួយធុងបារ៉ែលមានតម្លៃ ៨៧,២៤ ដុល្លារ។

គួររម្លឹកជូនថា ការសម្រេចរបស់ក្រុមប្រទេស G7 និងប្រទេសអូស្ត្រាលីក្នុងការកំណត់តម្លៃប្រេងរបស់រុស្ស៊ី នេះគឺត្រូវបានធ្វើឡើងដោយផ្អែកលើហេតុផលថា ដើម្បីកាត់បន្ថយប្រាក់ចំណូលរបស់រុស្ស៊ី ដែលអាចឈានទៅដល់ការកាត់បន្ថយឥទ្ធិពលរបស់រុស្ស៊ីចំពោះការធ្វើសង្គ្រាមនៅលើទឹកដីអ៊ុយក្រែន។ ចំពោះកត្តាដែលធ្វើឲ្យក្រុមប្រទេសជាសម័្ពន្ធមិត្តខាងលើនេះអាចធ្វើការកំណត់តម្លៃចំពោះប្រេងរុស្ស៊ីបានគឺដោយហេតុថា នាពេលបច្ចុប្បន្ននេះការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីប្រមាណជា ៩០% សម្រាប់នាំទៅកាន់ទីផ្សារពិភពលោកត្រូវពឹកផ្អែកទាំងស្រុងទៅលើក្រុមហ៊ុនធំៗដែលស្ថិតនៅក្នុងប្រទេស G7 ។ សូមបញ្ជាក់ផងដែរថានាពេលកន្លងមករុស្ស៊ីធ្លាប់បានអះអាងថា ការកំណត់តម្លៃប្រេងរបស់ខ្លួននៅលើទីផ្សារពិភពលោកនឹងមិនធ្វើឲ្យឥទ្ធិពលរបស់រុស្ស៊ីចំពោះសង្គ្រាមនៅអ៊ុយក្រែនត្រូវថយចុះនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: