អន្តរជាតិ

ក្រុមគិលានុបដ្ឋាយិកានៅចក្រភព​អង់គ្លេសគ្រោងនាំគ្នាធ្វើកូដកម្មជាលើកដំបូងក្នុងរយៈជាង ១០០ឆ្នាំចុងក្រោយនេះ ដើម្បីទាមទារឲ្យមានប្រាក់ខែសមរម្យ

BY
Pheakdey
December 13, 2022

អង់គ្លេស៖ ក្រុមគិលានុបដ្ឋាយិកានៅចក្រភព​អង់គ្លេស​គ្រោង​នឹង​រៀបចំធ្វើ​កូដកម្ម​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រក្នុង​រយៈពេល ១០៦ ឆ្នាំចុងក្រោយនេះ ដើម្បីទាមទារឲ្យមានដំណោះស្រាយមួយដែលពួកគេហៅថា “មធ្យោបាយ​ចុងក្រោយ” ពីសហជីពរបស់ពួកគេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា តាមគម្រោងគឺក្បួនកូដកម្មនេះនឹងត្រូវរៀបចំឡើងនៅក្នុងថ្ងៃព្រសហ្បតិ៍ ទី១៥ ខែធ្នូខាងមុខនេះដោយមានការចូលរួមពីសំណាក់ក្រុមគិលានុបដ្ឋាយិកាប្រមាណជា ១០០ ០០០នាក់ មកពីមហាវិទ្យាល័យគិលានុបដ្ឋាយិកានៅក្នុងប្រទេសអង់គ្លេស ក្នុងប្រទេសវែលស៍ និងប្រទេសអៀរឡង់ខាងជើង។

គួរបញ្ជាក់ជូនថា ក្បួនកូដកម្មនេះត្រូវបានផ្តួចផ្តើមរៀបចំឡើងក្រោយពេលដែលក្រុមគិលានុបដ្ឋាយិកាបានបដិសេធមិនព្រមទទួលយកប្រាក់ខែអប្បបរិមាដែលរដ្ឋាភិបាលត្រូវផ្តល់ជូនចំពោះការងាររបស់ពួកគេ ដ្បិតពួកគេយល់ឃើញប្រាក់ខែនោះគឺមិនសមស្របទៅនឹងកម្រិតអតិផរណាដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្ននេះទេ។ សូមបញ្ជាក់ជូនថា កម្រិតអតិផរណានៅក្នុងចក្រភពអង់គ្លេសបានកើនឡើងចំនួន ១១,១% គិតត្រឹមចុងខែតុលា ឆ្នាំ ២០២២នេះ ខណៈកម្រិតនៃការកើនឡើងនេះគឺជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេនៅក្នុងរយៈពេល ៤១ឆ្នាំចុងក្រោយនេះ។ កម្រិតអតិផរណាដ៏ខ្ពស់នេះបានធ្វើឲ្យប៉ះពាល់ដល់ការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយបើគេធ្វើការប្រៀបកម្រិតអតិផរណានេះទៅនឹងប្រាក់ខែរបស់ក្រុមគិលានុបដ្ឋាយិកាដែលស្ថិតនៅកម្រិតដដែលនោះគឺវាបានបង្ហាញថា តម្លៃប្រាក់ខែរបស់ក្រុមគិលានុបដ្ឋាយិកាត្រូវធ្លាក់ចុះប្រមាណជា ២០%៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: