អន្តរជាតិ

លោក Volodymyr Zelensky ប្រាប់ប្រទេស G7 ថា អ៊ុយក្រែនត្រូវការហ្គាសនិងអាវុធបន្ថែមទៀតដើម្បីអាចឆ្លងផុតរដូវរងានេះ

BY
Pheakdey
December 13, 2022

អ៊ុយក្រែន៖ លោកប្រធានាធិបតី Volodymyr Zelensky បានប្រាប់ទៅកាន់ក្រុមប្រទេស G7 កាលពីថ្ងៃចន្ទ ទី១២ ខែធ្នូនេះថា អ៊ុយក្រែនត្រូវការហ្គាសនិងអាវុធបន្ថែមទៀតដើម្បីអាចឆ្លងផុតរដូវរងានេះ។​ នៅក្នុងកិច្ចប្រជុំមួយដែលបានរៀបចំឡើងតាមរយៈ Video Conference លោក Volodymyr Zelensky បានបញ្ជាក់ប្រាប់ក្រុមប្រទេស G7 ថា អ៊ុយក្រែនត្រូវការហ្គាសប្រមាណជា ២ពាន់លានម៉ែត្រគីបបន្ថែមទៀតសម្រាប់ប្រាស់នៅក្នុងរដូវរងានេះ​ ពោលគឺជាអំឡុងពេលចាប់ពីដើមខែធ្នូឆ្នាំ ២០២២ រហូតដល់ចុងខែកុម្ភៈឆ្នាំ ២០២៣។

លោក Volodymyr Zelensky បានបន្តថា ស្ថិតនៅក្រោមអាកាសធាតុដែលមានព្រឹលធ្លាក់យ៉ាងខ្លាំងគឺកងទ័ពអ៊ុយក្រែនត្រូវការជាចាំបាច់នូវរថក្រោះជាច្រើនគ្រឿងបន្ថែមទៀតសម្រាប់បើកលើផ្លូវដែលក្រាលដោយព្រឹលក្រាស់ៗ។ ចំពោះអាវុធវិញគឺកងទ័ពអ៊ុយក្រែនត្រូវការប្រភេទកាំភ្លើងបាញ់ពីចម្ងាយ ទើបអាចទប់ទល់ជាមួយនឹងការវាយប្រហាររបស់កងទ័ពរុស្ស៊ីបាន។ ជាងនេះទៅទៀតលោក  Volodymyr Zelensky ក៏បានថ្លែងផងដែរថា រដូវរងានេះគឺជាពេលវេលាដ៏លំបាកបំផុតមួយរបស់អ៊ុយក្រែន ដែលនឹងមានពលរដ្ឋរាប់លានបន្ថែមទៀតត្រូវរស់ដោយវេទនា ពោលគឺត្រូវរស់ដោយខ្វះអគ្គិសនី ខ្វះទឹកស្អាត ខ្វះហ្គាស ខ្វះអាហារ បន្ថែមដោយភាពភ័យខ្លាចពីការវាយប្រហាររបស់កងទ័ពរុស្ស៊ីគ្រប់ពេលវេលា៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: