បុរសម្នាក់ធ្លាក់ពីលើអគារផ្ទះជួលជាន់ទី ៩ ស្លាប់ ដោយសារគាត់ចូលចិត្តអង្គុយលេងលើមាត់បង្អួច
និស្សិតម្នាក់បានស្លាប់ក្រោយធ្លាក់ពីលើអគារបន្ទប់ជួលជាន់ទី ៩ របស់ខ្លួនមានឈ្មោះថា Arlington House ដែលជាប្លុកអគារដ៏ធំមួយនៅក្រុង Margate និងបានធ្លាក់ហើយទើរលើដំបូលចំណតរថយន្តមួយកន្លែងក្រោមអគារនោះ។ ជនរងគ្រោះដែលបានស្លាប់នេះមានឈ្មោះថា Franis Simon អាយុ ២៣ឆ្នាំ ត្រូវបានគេរកឃើញសាកសព បន្ទាប់ពីអ្នកដំណើរម្នាក់ដែលកំពុងថតរូបនៅជិតទីនោះបានឃើញសាកសពគាត់ចៃដន្យ។
ជនរងគ្រោះលោក Franis Simon គឺទើបតែចេញពីរ៉ូម៉ានីមករស់នៅអង់គ្លេសប៉ុន្មានខែមុននេះប៉ុណ្ណោះ ដើម្បីចំណាយពេលជាមួយម្តាយ និងឪពុកចុងរបស់គាត់។ លោក Anthony Pierce ដែលជាឪពុកចុងក៏បានប្រាប់ប៉ូលីសថា Simon ចូលចិត្តអង្គុយនៅលើមាត់បង្អួចផ្ទះជួលរបស់គាត់ពេលគាត់ជក់បារីណាស់ ទោះបីជាគាត់ត្រូវបានព្រមានជាច្រើនដងពីគ្រោះថ្នាក់នៃការធ្វើបែបនេះពីម្តាយនិងឪពុកចុងក៏ដោយ។ រាល់ពេលដែលពួកគាត់ប្រាប់កំុឱ្យធ្វើបែបនេះ Simon តែងតែសើចមកវិញ និងនិយាយតបថា៖ «គ្មានអ្វីកើតលើខ្ញុំទេ»។
តែជាអកុសលវាពិតជាដូចអ្វីដែលគ្រប់គ្នាភ័យខ្លាចពិតមែន។ យ៉ាងណាមិណលោក Simon ត្រូវបានគេឱ្យដឹងមកថា លោកក៏ធ្លាប់មានជំងឺបាក់ទឹកចិត្តដែរ (Depression) ប៉ុន្តែក្រុមគ្រួសារគាត់បានឱ្យដឹងថា គាត់មិនដែលធ្លាប់ចង់ធ្វើអត្តឃាតអ្វីនោះទេ។ លោក Simon ក៏ត្រូវបានគេឱ្យដឹងដែរថា គាត់មានគម្រោងវិលត្រឡប់ទៅរ៉ូម៉ានីវិញ ១២ថ្ងៃក្រោយ (ក្រោយថ្ងៃគាត់ស្លាប់) ហើយគ្មានសញ្ញាណាមួយបង្ហាញថា គាត់មានផែនការដើម្បីយកជីវិតខ្លួនឯនោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ mirror