អន្តរជាតិ

ជប៉ុនគ្រោងចំណាយថវិកា ៤៤ពាន់លានដុល្លារដើម្បីពង្រឹងប្រព័ន្ធការពារជាតិពីការគំរាមគំហែងរបស់ចិន កូរ៉េខាងជើង និងរុស្ស៊ី

BY
Pheakdey
December 15, 2022

ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉៉ុនគ្រោងនឹងចំណាយប្រាក់ជិត ៤៤ពាន់លានដុល្លារដើម្បីពង្រឹងប្រព័ន្ធការពារជាតិរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post កាលថ្ងៃពុធ ទី១៤ ខែធ្នូម្សិលមិញនេះ។ បើតាមលោកនាយករដ្ឋមន្ត្រីជប៉ុន  Fumio Kishida បានបញ្ជាក់ថា ការសម្រេចពង្រឹងប្រព័ន្ធការពារជាតិនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការគំរាមគំហែងពីបណ្តាប្រទេសមួយចំនួន ជាប្រទេសកូរ៉េខាងជើង ប្រទេសចិន និងប្រទេសរុស្ស៊ីជាដើម។

ប្រភពខាងលើបានបន្តថា គម្រោងចំណាយក្នុងទំហំទឹកប្រាក់ដ៏ច្រើនខាងលើនេះនឹងផ្តើមមានប្រសិទ្ធភាពចាប់ពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ ២០២៧ ខណៈទំហំទឹកប្រាក់នៅក្នុងគម្រោងថ្មីមានការកើនឡើងទ្វេដងបើធៀបទៅនឹងទំហំទឹកប្រាក់នៅក្នុងគម្រោងចំណាយចាស់។ នៅក្នុងគម្រោងថវិកាការពាររបស់រដ្ឋាភិបាលជប៉ុនក៏បានបង្ហាញផងដែរថា ជប៉ុនគ្រោងនឹងទិញមីស៊ីលប្រភេទ Tomahawk ដែលផលិតនៅអាមេរិកចំនួន ៥០០គ្រាប់ ខណៈជប៉ុនគ្រោងនឹងដាក់ពង្រាយមីស៊ីលឲ្យបានចំនួន ១,០០០គ្រាប់នៅតាមតំបន់ព្រំដែនទឹករបស់ខ្លួន ដ្បិតនាពេលកន្លងមកចិននិងកូរ៉េខាងជើងតែងបង្កការគំរាមគំហែងនៅលើដែនសមុទ្រជប៉ុនជាញឹកញាប់៕

អត្ថបទ៖ ភក្តី

ប្រភព៖ South China Morning Post

 

Share This Post: