វៀតណាមចុះកិច្ចព្រមព្រៀងទិញយន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រពីអាមេរិក ខណៈវៀតណាមគ្រោងនឹងចំណាយប្រាក់ ២ពាន់លានដុល្លារ ដើម្បីទិញគ្រឿងសព្វាវុធ
- BY
- Pheakdey
- December 15, 2022
វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនការពារជាតិអាមេរិក ដើម្បីបញ្ជាទិញយន្តហោះគ្មានមនុស្សបើកក្នុងទំហំទឹកប្រាក់ដ៏ច្រើនមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូនេះ។ ពិធីចុះកិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ខណៈនៅក្នុងគម្រោងវៀតណាមក៏បានបញ្ជាទិញឧទ្ធម្ភាគចក្រជាច្រើនគ្រឿងពីក្រុមហ៊ុនអាមេរិកផងដែរសម្រាប់ប្រើប្រាស់នៅក្នុងវិស័យយោធា។

គួរបញ្ជាក់ជូនថា វៀតណាមគឺជាប្រទេសដែលមានតម្រូវការទិញអាវុធច្រើនបំផុតលំដាប់ទី ២០នៅលើពិភពលោក ហើយនាពេលកន្លងរុស្ស៊ីគឺជាដៃគូផ្គត់ផ្គង់អាវុធធំបំផុតឲ្យរដ្ឋាភិបាលវៀតណាម។ យ៉ាងណាក្តី នាពេលបច្ចុប្បន្ននេះវៀតណាមមិនអាចបញ្ជាទិញគ្រឿងសព្វាវុធពីប្រទេសរុស្ស៊ីបានទៀតនោះទេ ដ្បិតរុស្ស៊ីកំពុងជាប់ដៃធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ហើយគេជឿថាសង្គ្រាមនេះអាចនឹងអូសបន្ថាយក្នុងរយៈពេលយូរបន្ថែមទៀត។ សូមបញ្ជាក់ជូនផងដែរថា ថ្មីៗនេះរដ្ឋាភិបាលវៀតណាមបានអនុម័តកញ្ចប់ថវិកាសម្រាប់ទិញគ្រឿងសព្វាវុធក្នុងទំហំទឹកប្រាក់រហូតដល់ ២ពាន់លានដុល្លារ ដែលជាទំហំទឹកប្រាក់ដ៏ច្រើនមិនធ្លាប់មានពីមុនមកនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






