លោក Donald Trump ដាក់លក់កាត NFT ដែលមានរូបប្លែកៗរបស់គាត់ក្នុងម្លៃ ៩៩ដុល្លារ ដើម្បីឲ្យពលរដ្ឋទិញជាកាដូក្នុងឱកាសបុណ្យណូអែល
- BY
- Pheakdey
- December 16, 2022
អាមេរិក៖ សម្រាប់ពលរដ្ឋអាមេរិកដែលជាអ្នកគាំទ្រលោក Donald Trump នឹងទទួលបានជម្រើសថ្មីមួយក្នុងទិញកាដូជូនគ្នានៅក្នុងឱកាសនៃពិធីបុណ្យណូអែលខាងមុខនេះ ក្រោយអតីតប្រធានាធិបតីទើបផុតអាណត្តិរូបនេះបានដាក់លក់នូវកាត់ពិសេសម្យ៉ាងដែលមានរូបភាពប្លែកៗរបស់គាត់ជាច្រើននៅលើកាតនោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូនេះបានបញ្ជាក់ថា កាតពិសេសនោះគឺជាកាតប្រភេទ NFT (non-fungible token) ដែលប្រមូលផ្តុំដោយរូបភាពប្លែកៗជាច្រើនរបស់លោក Donald Trump ដោយក្នុងនោះមានទាំងរូបលោក Donald Trump តែងខ្លួនជា Super Hero របស់អាមេរិកទៀតផង។

ប្រភពខាងលើបានបន្តថា កាត NFT របស់លោក Donald Trump នោះត្រូវបានដាក់លក់ក្នុងតម្លៃ ៩៩ដុល្លារសម្រាប់កាតមួយសន្លឹក ខណៈគេរំពឹងថាកាតនោះនឹងលក់ដាច់បំផុតក្នុងចំណោមពលរដ្ឋអាមេរិកដែលជាអ្នកគាំទ្រលោក Donald Trump នៅក្នុងឱកាសបុណ្យណូអែល ដែលនឹងឈានចូលមកដល់នៅក្នុងថ្ងៃទី ២៥ ខែធ្នូខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា លោក Donald Trump បានកំពុងតែព្យាយាមទាញការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋអាមេរិកយ៉ាងខ្លាំង ដ្បិតរូបលោកមានគម្រោងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកជាថ្មីម្តងទៀតសម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






