TiKTok ប្រកាសបញ្ឈប់បុគ្គលិកនៅរុស្ស៊ី ក្រោយក្រុមហ៊ុនរបស់ចិនមួយនេះសម្រេចបិទមុខងារសំខាន់ៗមិនឲ្យពលរដ្ឋរុស្ស៊ីប្រើប្រាស់
- BY
- Pheakdey
- December 17, 2022
ក្រុមហ៊ុន TiKTok ប្រកាសបញ្ឈប់បុគ្គលិករបស់ខ្លួនជាច្រើននាក់នៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសាព័ត៌មាន The Strait Times នៅព្រឹកថ្ងៃសោរ៍ ទី១៧ ខែធ្នូនេះ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងក្រោយពេលក្រុមហ៊ុនបណ្តាញសង្គមដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនៅលើពិភពលោកមួយនេះបានសម្រេចបិទសេវាកម្មសំខាន់ៗជាច្រើនរបស់ខ្លួននៅលើទឹកដីនៃប្រទេសរុស្ស៊ីទៀត។

គួរបញ្ជាក់ជូនថា TiKTok ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនបានសម្រេចបិទសេវាកម្មរបស់ខ្លួនមួយចំនួនមិនឲ្យពលរដ្ឋនៅក្នុងប្រទេសរុស្ស៊ីអាចប្រើប្រាស់បាននោះទេដូចជា មុខងារ Livestreaming និង មុខងារ Upload វីដេអូថ្មីជាដើម ខណៈការសម្រេចមួយនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់រដ្ឋាភិបាលរុស្ស៊ី ដែលបានលើកទ័ពឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន។ ប្រភពខាងលើបានបន្តថា ការសម្រេចបញ្ឈប់បុគ្គលិកនៅក្នុងប្រទេសរុស្ស៊ីពីសំណាក់ក្រុមហ៊ុន TiKTok នឹងផ្តើមមានប្រសិទ្ធភាពចាប់ពីដើមឆ្នាំ ២០២៣ ខាងមុខនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






