រុស្ស៊ីកំពុងបណ្តុះបណ្តាលទំនាញបន្ថែមដល់ទាហានខ្លួនដើម្បីត្រៀមបើកការឈ្លានពានថ្មីលើសមរភូមិនារដូវរងា
- BY
- Pheakdey
- December 19, 2022
អ៊ុយក្រែន៖ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែនគឺលោក Mykhailo Podolyak បានអះអាងថា រុស្ស៊ីកំពុងបណ្តុះបណ្តាលទាហានខ្លួននូវជំនាញសំខាន់ៗមួយចំនួនបន្ថែមទៀតសម្រាប់ធ្វើការឈ្លានពានក្នុងសមរភូមិនារដូវរងានេះ។ ទីប្រឹក្សាជាន់ខ្ពស់រូបនេះបានបញ្ជាក់ទៀតថា ក្រៅតែពីបន្ថែមការហ្វឹកហាត់ដល់ទាហានរបស់ខ្លួនហើយ រុស្ស៊ីក៏កំពុងរៀបចំផែនការជាច្រើនទៀតផងដែរ ដ្បិតរុស្ស៊ីមានបំណងចង់ប្រើប្រាស់យុទ្ធសាស្រ្តយោធាថ្មីឲ្យស្របតាមស្ថានភាពសមរភូមិជាក់ស្តែងក្នុងរដូវរងានេះ។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែធ្នូនេះបានឲ្យដឹងថា នៅចំពោះមុខស្ថានភាពដូចបានជម្រាបជូនខាងលើនេះភាគីខាងអ៊ុយក្រែនក៏បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តថ្មីៗជាច្រើនផងដែរ ដើម្បីត្រៀមទប់ទល់ជាមួយនឹងការឈ្លានពានពីសំណាក់កងទ័ពរុស្ស៊ី។ គួររម្លឹកជូនថា កាលពីប៉ុន្មានថៃ្ងមុននេះ លោក Jens Stoltenberg នាយកប្រតិបត្តិនៃអង្គការ NATO បានពន្យល់ថា រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើសង្គ្រាមរយៈពេលវែងនៅលើទឹកដីអ៊ុយក្រែន ហើយនៅចំពោះមុខស្ថានភាពបែបនេះប្រទេសដែលជាអ្នកគាំទ្រ NATO ទាំងអស់ត្រូវជួយផ្តល់អាវុធនិងជំនួយទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត និងបន្តជួយផ្តល់រហូតដល់លោក វ៉្លាឌីមៀ ពូទីន អស់ចិត្តថា រុស្ស៊ីមិនអាចយកឈ្នះលើសង្គ្រាមនេះបានទេ ហើយមានតែការចរចារប៉ុណ្ណោះទើបអាចបិទបញ្ចប់សង្គ្រាមបាន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






