គ្រោះរញ្ជួយដីដ៏កម្រមួយបានឆក់យកជីវិតពលរដ្ឋអាមេរិក ២នាក់ ខណៈរាប់ពាន់នាក់ផ្សេងទៀតកំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់
- BY
- Pheakdey
- December 21, 2022
អាមេរិក៖ គ្រោះរញ្ជួយដីដ៏កម្រមួយបានកើតឡើងនៅសហរដ្ឋអាមេរិក និងបានឆក់យកជីវិតមនុស្សចំនួន ២នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២១ ខែធ្នូនេះ។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយអាមេរិកបានបញ្ជាក់ថា គ្រោះរញ្ជួញដីបានកើតឡើងនៅក្នុងកម្រិត ៦,៤ រ៉ិចទ័រ និងបានវាយប្រហារតំបន់ឆ្នេរភាគខាងជើងនៃរដ្ឋកាលីហ្វ័រញ៉ា ខណៈនៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ទាំង ២នាក់នោះគឺមានម្នាក់ជាកូនក្មេងដែលបានរងរបួសក្បាលធ្ងន់ធ្ងរ និងម្នាក់ទៀតជាមនុស្សចាស់ដែលបានជាប់នៅក្នុងគំនរបាក់បែក។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានផ្តាច់យកជីវិតពលរដ្ឋអាមេរិកចំនួន ២នាក់ភ្លាមៗហើយ គ្រោះរញ្ជួយដីនេះក៏បានបង្កឲ្យមានពលរដ្ឋចំនួន ១១នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរផងដែរ។ ជាងនេះទៅទៀត គ្រោះរញ្ជួញដីក៏បានបំផ្លាញប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងអស់ជាច្រើនកន្លែងផងដែរ ហើយក្នុងនោះក៏មានប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីផងដែរ។ បើយោងតាមអាជ្ញាធរអគ្គិសនីនៃរដ្ឋកាលីហ្វ័រញ៉ាបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋរាប់ពាន់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






