អន្តរជាតិ

ជំនន់ទឹកភ្លៀងបានផ្តាច់យកជីវិតពលរដ្ឋម៉ាឡេស៊ី ៥នាក់ ខណៈជាង ៧ម៉ឺននាក់ផ្សេងទៀតត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
December 22, 2022

ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋម៉ាឡេស៊ីចំនួន ៥នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងទឹកជំនន់ដ៏អាក្រក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ ៍នៅថ្ងៃពុធ ទី២១ ខែធ្នូនេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងរដ្ឋ Kelantan ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី ដែលជាតំបន់កំពុងទទួលរងនូវឥទ្ធិពលពីខ្យល់ព្យុះមូសុង ពោលគឺភ្លៀងបានធ្លាក់យ៉ាងជោគជាំជាច្រើនថ្ងៃជាប់ៗគ្នាមកហើយនៅក្នុងតំបន់មួយនេះ។

ប្រភពខាងលើបានបន្តថា​ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះម្នាក់ជាកូនក្មេងមានអាយុត្រឹម ១៥ ខែប៉ុណ្ណោះ ដែលបានស្លាប់ព្រោះតែលង់ទឹក។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ីបានបញ្ជាក់ថា ក្រៅតែរកឃើញជនរងគ្រោះដែលបានស្លាប់ភ្លាមៗហើយ​ ឥទ្ធិពលនៃជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សនេះក៏បានបង្ខំឲ្យប្រជាពលរដ្ឋម៉ាឡេស៊ីប្រមាណជា ៧០,០០០ នាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែងដើម្បីទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ។ គួររម្លឹកជូនថា នៅក្នុងខែដដែលនេះកាលពីឆ្នាំមុនតំបន់ខាងនេះក៏ធ្លាប់រងគ្រោះដោយទឹកជំនន់ម្តងដែរ ដោយពេលនោះទឹកជំនន់បានផ្តាច់យកជីវិតពលរដ្ឋម៉ាឡេស៊ីរហូតដល់ ៥០នាក់ ខណៈរាប់ពាន់នាក់ផ្សេងត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់៕

អត្ថបទ៖ ភក្តី

ប្រភព៖​ បាងកកប៉ុស្តិ

Share This Post: