សេតវិមានអាមេរិកអះអាងថា កូរ៉េខាងជើងបានលក់អាវុធឲ្យក្រុម Wagner ដែលជាក្រុមទាហានស៊ីឈ្មួលរបស់រុស្ស៊ី
- BY
- Pheakdey
- December 23, 2022
អាមេរិក៖ សេតវិមានអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូម្សិលមិញនេះបានអះអាងថា ប្រទេសកូរ៉េខាងជើងបានលក់គ្រឿងសព្វាវុធមួយចំនួនឲ្យទៅប្រទេសរុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងការធ្វើសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន។ យោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា គ្រឿងសព្វាវុធដែលកូរ៉េខាងជើងបានលក់ឲ្យទៅរុស្ស៊ីនោះមានដូចជាកាំភ្លើងធំ និងមីស៊ីលជាច្រើនគ្រាប់ ខណៈសកម្មភាពនៃការទិញ-លក់អាវុធដោយបំពានទៅនឹងបំរាមរបស់អង្គការសហប្រជាជាតិនេះត្រូវបានធ្វើឡើងកាលពីខែកន្លងទៅនេះ។

ប្រភពខាងលើបានបន្តថា អ្នកទទួលទិញអាវុធមកពីភាគីខាងប្រទេសរុស្ស៊ីគឺជាក្រុមទាហានឯកជន ឬគេតែងហៅថា ក្រុមទាហានស៊ីឈ្មួល មានឈ្មោះថា Wagner ដែលជាកងកម្លាំងមានសមត្ថភាពផ្នែកវាយប្រហារយ៉ាងស្ទាត់ជំនាញ។ នៅចំពោះមុខបញ្ហាខាងលើនេះ លោក John Kirby ដែលជាអ្នកនាំពាក្យផ្នែកសន្តិសុខជាតិរបស់សេតវិមានបានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបង្កើនការដាក់ទណ្ឌកម្មលើក្រុម Wagner និងប្រទេសកូរ៉េខាងជើង ដ្បិតសកម្មភាពរបស់ភាគីទាំង ២នេះគឺជាការបំពានទៅលើវិធានការរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






