ឲ្យកូនតូចចុចទូរស័ព្ទលេង មានអីជាប់សោរដោះអត់បាន ត្រូវរង់ចាំ៤៨ឆ្នាំទើបអាចដោះបាន
ចិន៖ ការអនុញ្ញាតឲ្យក្មេងតូចៗចុចទូរស័ព្ទលេងគឺជារឿងគ្រោះថ្នាក់មួយ ប្រសិនបើក្នុងទូរស័ព្ទនោះមានផ្ទុកទៅដោយទិន្នន័យសំខាន់ៗ។ តួរយ៉ាងទូរស័ព្ទរបស់ស្ត្រីម្នាក់ត្រូវបានកូនស្រីតូចរបស់នាងដែលមានអាយុ២ឆ្នាំ ចុចលេងជាច្រើនដង និងជាប់សោរត្រូវរង់ចាំរហូតដល់ទៅ៤៨ឆ្នាំឯណោះ។ រឿងរ៉ាវដ៏ចៃដន្យមួយនេះបានកើតឡើងនៅក្នុងទីក្រុងសៀងហៃ ហើយទូរស័ព្ទដែលបានជាប់សោរនោះជាទូរស័ព្ទ iPhone។
ស្ត្រីជាម្តាយដែលមិនត្រូវបានគេបង្ហាញឈ្មោះបានឲ្យដឹងថា បន្ទាប់ពីកូនស្រីរបស់គាតចុចទូរស័ព្ទលេងគឺចុច Password ខុសជាច្រើនដង គាត់ទទួលបានសារមួយពីក្នុងទូរស័ព្ទគឺត្រូវរង់ចាំ ២៥,១១៣,៧៦៧ នាទីទើបអាចចុចបើកសោរម្តងទៀតបាន បើគណនាចំនួននាទីនេះជាឆ្នាំវិញគឺ ៤៨ ឆ្នាំ។ ក្នុងទូរស័ព្ទនោះមានរូបថតសំខាន់ៗ កិច្ចសន្យា របាយការណ៍ និងវីដេអូសំខាន់ៗជាច្រើនទៀតសម្រាប់ជីវិតការងាររបស់ស្រ្តីជាម្តាយ។
ហើយប្រសិនបើ គាត់រងចាំរហូតដល់ ៤៨ ឆ្នាំនោះ គាត់ទំនងជាមិនអាចរស់ដល់អាយុនោះផងក៏មិនដឹង។ ដូចនេះវិធីតែមួយគត់គឺត្រូវ Restore ទូរស័ព្ទដើម្បីយកទូរស័ព្ទមកប្រើវិញ ខណៈដែលនិន្នន័យនៅក្នុងនោះត្រូវបាត់បង់ទាំងអស់៕

ភក្តី
ប្រភព៖ medium