អន្តរជាតិ

ជំនន់ទឹកភ្លៀងនៅហ្វីលីពីនបានឆក់យកជីវិតពលរដ្ឋ​ ១៣នាក់ ២៣នាក់កំពុងបាត់ខ្លួន ខណៈជាង ៤ម៉ឺននាក់ផ្សេងទៀតត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់

BY
Pheakdey
December 27, 2022

ហ្វីលីពីន៖ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៧​ ខែធ្នូនេះបានឲ្យដឹងថា តួលេខអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅហ្វីលីពិនបានកើតឡើងដល់ចំនួន ១៣នាក់ហើយ ខណៈកាលពីម្សិលមិញតួលេខអ្នកស្លាប់នេះមានត្រឹមតែ​ ២នាក់ប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍បានបញ្ជាក់ផងដែរថា ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺបានស្លាប់ដោយសារតែលង់ទឹកតែម្តង ខណៈមួយចំនួនតូចបានស្លាប់ដោយមូលហេតុផ្សេងៗដូចជាឆក់ខ្សែភ្លើង​ជាដើម។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ចំនួន ១៣នាក់ហើយ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយហ្វីលីពីនក៏កំពុងស្វែងរកមនុស្សដែលកំពុងបាត់ខ្លួនចំនួន ២៣នាក់ផ្សេងទៀតផងដែរ ខណៈគេមិនរំពឹងថាក្រុមមនុស្សដែលកំពុងបាត់ខ្លួនទាំងអស់នេះអាចមានសំណាងនៅរស់មានជីវិតនោះទេ។ ជាងនេះទៅទៀត ជំនន់ទឹកភ្លៀងដ៏ឆាប់រហ័សនេះក៏បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ កាត់ផ្តាច់ផ្លូវ និងកាត់ផ្តាច់ចរន្តអគ្គិសនីនៅតាមទីតាំងសំខាន់ៗជាច្រើនកន្លែងផងដែរ ខណៈគិតត្រឹមពេលនេះគឺមានពលរដ្ឋហ្វីលីពីនប្រមាណជា ៤៥,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ដើម្បីទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: