តួលេខពលរដ្ឋអាមេរិកដែលបានបាត់បង់ជីវិតដោយព្យុះទឹកកបន្តកើនឡើងដល់ ៥០នាក់ ខណៈអាជ្ញាធរសម្រេចលុបចោលជើងហោះហើរអស់ជាង ២០,០០០ជើង
- BY
- Pheakdey
- December 28, 2022
អាមេរិក៖ របាយការណ៍ចុងក្រោយមួយបានបង្ហាញថា តួលេខពលរដ្ឋអាមេរិកដែលបានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាអាកាសធាតុបានកើនឡើងដល់ ៥០នាក់ហើយ នេះបើយោងតាមចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូនេះ។ គួរកត់សម្គាល់ថា ព្យុះព្រឹលទឹកកកបានវាយប្រហារសហរដ្ឋអាមេរិកតាំងតែចុងសប្តាហ៍កន្លងមក ពោលគឺផ្តើមគំរាមគំរាមសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមចាប់តាំងពីថ្ងៃដែលពលរដ្ឋអាមេរិកត្រូវធ្វើការជួបជុំនិងអបអរពិធីបុណ្យណូអែលម្លេះ។

ប្រភពបានបន្តថា គិតត្រឹមពេលនេះព្យុះនៅតែបន្តធ្លាក់យ៉ាងក្រាស់ ដោយតំបន់ខ្លះព្យុះបានធ្លាក់ក្នុងកម្រាស់រហូតដល់ ២,៤ម៉ែត្រ ដែលបានធ្វើឲ្យចរាចរណ៍នៅតាមដងផ្លូវមួយចំនួនត្រូវកាត់ផ្តាច់ទាំងស្រុងតែម្តង។ នៅចំពោះមុនស្ថានភាពអាកាសធាតុមិនអំណោយផលដូចនេះ អាជ្ញាធរអាកាសចរណ៍អាមេរិកក៏បានសម្រេចលុបចោលជើងហោះហើរក្នុងស្រុកជាង ២០,០០០ ជើងផងដែរ។ ជាងនេះទៅទៀតឥទ្ធិពលនៃព្យុះទឹកកកក៏បានកាត់ផ្តាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនផងដែរ ដោយគិតត្រឹមពេលនេះគឺមានពលរដ្ឋរាប់ម៉ឺននាក់កំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






