អន្តរជាតិ

យោធាកូរ៉េខាងត្បូងចេញមកធ្វើការសុំទោសក្រោយមិនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើង

BY
Pheakdey
December 28, 2022

កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូងបានចេញមកធ្វើការសុំទោសជាសាធារណៈក្រោយកងកម្លាំងរបស់ខ្លួនមិនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ប្រទេសកូរ៉េខាងជើង ដែលបានហោះចូលមកកាន់ដែនអាកាសកូរ៉េខាងត្បូងដោយគ្មានការអនុញ្ញាត នេះបើយោងតាមការផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ គួររម្លឹកជូនថា កាលពីដើមសប្តាហ៍នេះមានយន្តហោះគ្មានមនុស្សបើករបស់កូរ៉េខាងជើងចំនួន ៥គ្រឿងបានហោះចូលទៅកាន់ដែនដីរបស់កូរ៉េខាងត្បូង ហើយក្នុងនោះមានយន្តគ្មានមនុស្សបើកមួយគ្រឿងបានហោះទៅជិតដល់រដ្ឋធានីសេអ៊ូលទៀតផង។

ភ្លាមៗក្រោយប្រទះឃើញការលុកលុយតាមដែនអាកាសនេះ កូរ៉េខាងត្បូងបានធ្វើការបាញ់ព្រមាន ដាក់ពង្រាយយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារជាច្រើនគ្រឿងដើម្បីបាញ់យន្តហោះគ្មានមនុស្សបើកទាំងអស់នោះ តែយ៉ាងណាក្តីគ្មានយន្តហោះគ្មានមនុស្សបើកណាមួយរបស់កូរ៉េខាងជើងត្រូវបានបាញ់ទម្លាក់នោះទេ។ នៅចំពោះមុខស្ថានភាពបែបនេះ កងយោធារបស់កូរ៉េខាងត្បូងបានទទួលរងនូវការរិះគន់យ៉ាងខ្លាំងថា មិនបានត្រៀមខ្លួនរួចរាល់ក្នុងការឆ្លើយតបទៅនឹងការវាយឆ្មក់ពីណាក់សត្រូវឡើយ​ ហើយបើក្នុងករណីធ្ងន់ធ្ងរញគឺភាពធ្វេសប្រហែសនេះអាចនឹងបង្កឲ្យមានគ្រោះយ៉ាងធំធេងចំពោះសន្តិសុខជាតិទាំងមូល៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: