ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចក្រឡាហោម ស ខេង៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវតែកំណត់ឱ្យអ្នកបើកបររថយន្ដធំៗ តេស្តរកសារធាតុញៀន ខណៈគ្រោងបញ្ជូនទៅរដ្ឋសភា អនុម័តនៅដើមឆ្នាំ២០២៣នេះ

    BY Khmernote Media December 29, 2022
    សម្តេចក្រឡាហោម ស ខេង៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវតែកំណត់ឱ្យអ្នកបើកបររថយន្ដធំៗ តេស្តរកសារធាតុញៀន ខណៈគ្រោងបញ្ជូនទៅរដ្ឋសភា អនុម័តនៅដើមឆ្នាំ២០២៣នេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី អន្តរក្រសួងបានកំណត់ឱ្យអ្នកបើកបរយានយន្ត ទាំងអស់ ជាពិសេសគឺអ្នកបើករថយន្តធំៗត្រូវតែធ្វើតេស្តរកសារធាតុញៀន ជាកាតព្វកិច្ច ដោយមិនអាចអត់បាននោះឡើយ។

    ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ខណៈសេចក្តីព្រាងច្បាប់ ស្តីពីចរា ចរណ៍ផ្លូវគោកថ្មីនេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិភាក្សា និងអនុម័តនៅបំណាច់ ឆ្នាំ២០២២នេះ។

    ក្រោយបញ្ចប់កិច្ចប្រជុំឆ្លង សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡា ហោម ស ខេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់ ហើយមន្រ្តីអន្តរក្រសួង ជាពិសេស ក្រសួង មហាផ្ទៃ និងក្រសួងសាធារណការ ក៏បានឯកគ្នាទាំងស្រុងផងដែរ ដើម្បីបញ្ជូនទៅស្ថាប័ន រដ្ឋសភា នាដើមឆ្នាំ ២០២៣ខាងមុខនេះ។

    សម្តេចក្រឡាហោម បានបញ្ជាក់ថា «សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ ហើយសង្ឃឹមថា សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្រ្តីនាដំណាច់ឆ្នាំ២០២២នេះ ហើយក៏សង្ឃឹមថា ច្បាប់នេះ នឹងបន្តបញ្ជូនទៅដល់ដៃស្ថាប័នសភានាត្រីមាសទី១ ឆ្នាំ២០២៣ដែរ»។

    សម្តេចក្រឡាហោម បានលើកឡើងថា សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកចាស់ ដោយពិនិត្យឃើញថា ត្រូវធ្វើការសម្រួលធ្វើច្រើនមាត្រាពេក ពោលគឺជាង៦០ភាគរយៈទើប សម្រេចធ្វើច្បាប់ចរាចរណ៍ផ្លូវគោកថ្មីតែម្តង។

    ជាមួយគ្នានោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បញ្ជាក់ថា ក្នុងច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនេះ ត្រូវអន្តរក្រសួងឯកភាពសម្រេចឱ្យអ្នកបើកបរបរយានយន្តទាំងអស់មិនត្រូវ ស្ថិតនៅក្រោមស្ថានភាពស្រវឹង មានសារធាតុញៀន និងសារធាតុផ្សេងៗទៀត។

    សម្តេចក្រឡាហោមថា អ្នកបើកបរយានយន្តធំៗទាំងអស់ ត្រូវធ្វើតេស្តគ្រឿងញៀន ហើយលក្ខខណ្ឌនៃការធ្វើតេស្តគ្រឿងញៀនដែលជាកាតព្វកិច្ច នឹងកំណត់ដោយប្រកាស អន្តរក្រសួង របស់ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ ព្រមទាំងមានការចូលរួមជាមួយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

    ជាមួយគ្នានោះដែរ សម្ដេចបានគូសថា ចំណុចនេះមិនមែនចង់បញ្ជាក់ថាអ្នកបើកបរ យានយន្តត្រូវតែទៅធ្វើតេស្តរកសារធាតុញៀនទាំងអស់នោះទេ។ តែមុនដំបូងត្រូវចាប់ផ្តើមពី ចំណុចណាមុន គឺអ្នកបើកបរដែលដឹកជញ្ជូនធ្ងន់ៗ ឬអ្នកដែលបើកបរដឹកភ្ញៀវច្រើន ដូចជាដឹក អ្នកទេសចរជាដើម។

    សម្តេចក្រឡាហោម ក៏បានលើកឡើងថា ចំពោះអ្នកបើកបរទូទៅនឹងត្រូវធ្វើជាបន្ត បន្ទាប់ និងគិតធ្វើតាមស្ថានភាពជាក់ស្តែងផងដែរ។ ទាក់ទិននឹងអ្នកបើកបរល្មើសច្បាប់ថ្មីនេះ ត្រូវសម្តេចក្រឡាហោម ស ខេង បានលើកឡើងថា នឹងមិនទាន់និយាយជាក់លាក់នោះទេ ប៉ុន្តែមានចំណុចថា នៅពេលអ្នកបើកបរ ត្រូវបានរកឃើញសារធាតុញៀន គឺត្រូវដកប័ណ្ណ បើកបររហូតដល់ធ្វើតេស្តលើកក្រោយរកមិនឃើញសារធាតុញៀន ទើបអនុញ្ញាតឱ្យបើកបរ ឡើងវិញ។

    គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ បានតាក់តែងឡើង ដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួន ទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ ដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និង របួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: