រឿង “Avatar” អាចរកចំណូលបាន ១ពាន់លានដុល្លារហើយ ក្រោយចាក់បញ្ចាំងបាន ២សប្តាហ៍ប៉ុណ្ណោះ
- BY
- Pheakdey
- December 29, 2022
ខ្សែភាពយន្តកំពុងអង្រួនដួងចិត្តអ្នកទស្សនារាប់លាននាក់នៅជុំវិញពិភពលោកគឺរឿង “Avatar: The Way Of Water ” ត្រូវបានបណ្តាញសារព័ត៌មាន Channel News Asia រាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូនេះថា អាចរកប្រាក់ចំណូលពីការលក់សំបុត្រនៅទូទាំងពិភពលោកបានខ្ទង់ ១ពាន់លានដុល្លារហើយ ខណៈខ្សែភាពយន្តបែប 3D មួយនេះទើបតែធ្វើការចាក់ផ្សាយបានត្រឹមតែ ២សប្តាហ៍ប៉ុណ្ណោះ។ ជាមួយនឹងប្រាក់ចំណូលដ៏ច្រើននេះបានធ្វើឲ្យរឿង “Avatar: The Way Of Water ” ក្លាយជាខ្សែភាពយន្តដែលអាចរកប្រាក់ចំណូលបានច្រើននិងលឿនបំផុតនៅក្នុងឆ្នាំ ២០២២នេះ។
![]()
បើតាមលោក James Cameron ដែលជាផលិតកខ្សែភាពយន្តដែលកំពុងផ្ទុះការពេញនិយមខ្លាំងមួយនេះបានឲ្យដឹងថា ក្នុងការផលិតរឿង “Avatar: The Way Of Water ” គឺគេត្រូវការចំណាយប្រាក់ប្រមាណជា ៣៥០លានដុល្លារ ដោយមិនគិតបញ្ចូលតម្លៃការធ្វើទីផ្សារ ខណៈគេបានរំពឹងថាខ្សែភាពយន្តនេះអាចនឹងរកប្រាក់ចំណូលបានប្រមាណជា ២ពាន់លានដុល្លារ។ គួរបញ្ជាក់ជូនថារឿង “Avatar: The Way Of Water ” គឺជាខ្សែភាពយន្តវគ្គ ២ នៃរឿង “Avatar” ដែលធ្លាប់ធ្វើឲ្យកក្រើកពិភពខ្សែភាពយន្តកាលពីឆ្នាំ ២០០៩ កន្លងទៅ ខណៈកាលពី ១៣ឆ្នាំនោះ រឿង “Avatar” អាចរកប្រាក់ចំណូលបានប្រមាណជា ២,៩៧ ពាន់លានដុល្លារ។ ជាមួយនឹងប្រាក់ចំណូលដ៏ច្រើននេះ រឿង “Avatar” បានក្លាយជាភាពយន្តដែលអាចរកប្រាក់ចំណូលបានច្រើនបំផុតគ្រប់ពេលវេលាផងដែរ បើគិតមកត្រឹមពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






