អន្តរជាតិ

អាមេរិកសម្រេចអនុវត្តវិធានការធ្វើតេស្តរកជំងឺកូវីដ-១៩ គ្រប់អ្នកដំណើរមកពីប្រទេសចិន

BY
Pheakdey
December 29, 2022

អាមេរិក៖ អាជ្ញាធរសុខាភិបាលអាមេរិកបានសម្រេចអនុវត្តវិធានការធ្វើតេស្តរកជំងឺកូវីដ-១៩​ គ្រប់អ្នកដំណើរទាំងអស់មកពីប្រទេសចិន ពោលគឺអនុវត្តវិធានការតឹងរឹងដូចកាលជំនាន់ផ្ទុះការរាតត្បាតជំងឺកូវីដ-១៩ខ្លាំងនាពេលកន្លងមកអីចឹងដែរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៩ ខែធ្នូនេះបានបញ្ជាក់ថា វិធានការធ្វើតេស្តរកជំងឺកូវីដ-១៩ខាងលើនេះនឹងត្រូវអាជ្ញាធរអាមេរិកផ្តើមអនុវត្តចាប់ពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ ខាងមុននេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

ប្រភពខាងលើបានបន្តថា ការសម្រេចអនុវត្តវិធានការរបស់អាជ្ញាធរអាមេរិកនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយពេលដែលគេបានកត់សម្គាល់ថា នៅក្នុងប្រទេសចិនកំពុងតែផ្ទុះការរាតត្បាតជំងឺកូវីដ-១៩ យ៉ាងខ្លាំង បើទោះជាអាជ្ញាធរចិនមិនបានផ្សព្វផ្សាយតួលេខអ្នកជំងឺកូវីដ-១៩ ជាសាធារណៈក៏ដោយ។ គួររម្លឹកជូនថា នាពេលកន្លងមកបណ្តាញសារព័ត៌មាន CNN ធ្លាប់ចុះផ្សាយថា ត្រឹមរយៈពេល ២០ថ្ងៃដំបូងនៃខែធ្នូ ចិនបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩រហូតដល់ ២៥០លានករណី ហើយនៅក្នុងនោះមានថ្ងៃមួយអាជ្ញាធរចិនបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ ៣៧លាននាក់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: