អាមេរិកកំពុងពិចារណាធ្វើតេស្តកូវីដ-១៩ ចំពោះកាកសំណល់ទឹកទាំងអស់នៅលើយន្តហោះដឹកអ្នកដំណើរ ដើម្បីទប់ស្កាត់ការនាំចូលមេរោគពីប្រទេសចិន
- BY
- Pheakdey
- December 30, 2022
អាមេរិក៖ សហរដ្ឋអាមេរិកកំពុងពិចារណាអំពីជម្រើសនៃការអនុវត្តវិធានការដ៏តឹងរឹងមួយដើម្បីទប់ស្កាត់ការនាំចូលមេរោគនៃជំងឺកូវីដ-១៩ ពីក្រៅប្រទេស ដោយអាជ្ញាធរអាមេរិកគ្រោងនឹងធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះកាកសំណល់ទឹកទាំងអស់ដែលមាននៅលើយន្តហោះដឹកអ្នកដំណើរ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែធ្នូនេះបានបញ្ជាក់ថា គម្រោងអនុវត្តវិធានការរបស់អាជ្ញាធរអាមេរិកដូចបានជម្រាបជូនខាងលើនេះគឺបានកើតឡើងក្រោយពេលដែលមានប្រភពក្រៅផ្លូវការជាច្រើនសុទ្ធតែបានអះអាងថា នៅក្នុងប្រទេសចិនកំពុងតែផ្ទុះការរាតត្បាតជំងឺកូវីដ-១៩យ៉ាងខ្លាំង។

គួរបញ្ជាក់ជូនថា បើយោងទៅតាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរចិនបានបង្ហាញថា តួលេខអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនមានចំនួនមិនច្រើនគួរឲ្យព្រួយបារម្ភនោះទេ ពោលគឺស្ថិតនៅក្នុងកម្រិតមួយដែលអាជ្ញាធរអាចគ្រប់គ្រងបាន។ យ៉ាងណាក្តី បើយោងតាមក្រុមអ្នកជំនាញជាច្រើនសុទ្ធតែបានអះអាងថា ចិនកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ-១៩ យ៉ាងខ្លាំង ពោលគឺចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីអាចមានដល់ខ្ទង់ ២៥០លាននាក់ដោយគិតត្រឹម ២០ថ្ងៃដំបូងនៃខែធ្នូនេះ។
អ្វីដែលធ្វើឲ្យក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងព្រួយបារម្ភអំពីស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិនយ៉ាងខ្លាំងនោះ គឺដោយហេតុថា ចិនមានប្រជាពលរដ្ឋច្រើនណាស់ពោលគឺប្រមាណជា ១,៤ពាន់លាននាក់ ហើយភាគច្រើននៃប្រជាពលរដ្ឋទាំងអស់នោះមិនបានទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់តាមការណែនាំនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






