ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមបានព្រមានថា ដីសណ្ដរទន្លេមេគង្គកំពុងប្រឈមនឹងការស្រុត និងហូរច្រោះដី ហើយអាចនឹងលិចបាត់ត្រឹម ឆ្នាំ២១០០

    BY autoadmin January 15, 2019
    វៀតណាមបានព្រមានថា ដីសណ្ដរទន្លេមេគង្គកំពុងប្រឈមនឹងការស្រុត និងហូរច្រោះដី ហើយអាចនឹងលិចបាត់ត្រឹម ឆ្នាំ២១០០

    វៀតណាម៖ ជារៀងរាល់ឆ្នាំតំបន់ភាគខាងត្បូងបាត់បង់ដីប្រហែល ៣០០ហិកតា ដោយសារតែការស្រុតចុះ និងហូរច្រោះដី។ ការហូរច្រោះដីនៅតំបន់ដីសណ្តរនេះត្រូវបានគេចាត់ទុកថា ជាបញ្ហាធ្ងន់ធ្ងរមួយ។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទលោក Hoang Van Thang បានរាយការណ៍ថា មានការហូរច្រោះដីចំនួន ៤៩កន្លែង ដែលមានប្រវែងសរុប ២៦៦គីឡូម៉ែត្រ ហើយនៅកន្លែងខ្លះទឹកសមុទ្របានចូលទៅក្នុងដីគោកប្រហែល ៨០ម៉ែត្រ។

    នៅភាគខាងកើត និងភាគខាងលិចនៃខេត្ត កាម៉ាវ និងគៀនហ្សាង ក៏ទទួលរងគ្រោះដោយសារសំណឹកនេះដែរ។ ហើយបើយោងទៅតាមគណៈកម្មាធិការទន្លេមេគង្គ ចំនួនបរិមាណអវសាទនៅតំបន់ដីសណ្ដរទន្លេមេគង្គនឹងថយចុះ ៦៧% នៅត្រឹមឆ្នាំ ២០២០។ ប្រទេសនានានៅតាមបណ្តោយទន្លេមេគង្គផ្នែកខាងលើ បានកំពុងសាងសង់នូវរោងចក្រថាមពលវារីអគ្គិសនី និងអាងស្តុកទឹកជាច្រើន (ត្រឹមតែអាងស្តុកទឹកធំពីរដែលបានកសាងដោយប្រទេសចិនក៏អាចមានសមត្ថភាពស្ទុកទឹកបាន ២២ពាន់លានម៉ែត្រគូបទៅហើយ) ដូចនេះទឹកភ្លៀងនឹងត្រូវបានរក្សាទុកនៅអាងស្តុកទឹកទាំងនោះ ហើយមិនអាចទៅដល់ដែនដីសណ្តរមេគង្គរបស់វៀតណាមបានទេ។

    គណៈកម្មាធិការនៃប្រទេសវៀតណាមបានបារម្មណ៍ថា នៅ ឆ្នាំ២០៤០ ប្រសិនបើគម្រោងទំនប់វារីអគ្គីសនីទាំងអស់កើតមានឡើងនៅតាមបណ្តោយទន្លេមេគង្គ បរិមាណនៃដីល្បបដែលអាចទៅដល់ប្រទេសវៀតណាមនឹងធ្លាក់ចុះដល់ ៣% ។ សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) បានប៉ាន់ប្រមាណថា មានដីល្បាប់ និងដីភក់ចំនួន ៤០លានតោន ដែលក្នុងនោះកម្ពុជាបានទាញយកផលចំណេញ ៣០លានតោន ខណៈវៀតណាមគឺទទួលបានតែ ១០លានតោនប៉ុណ្ណោះ។

    ពួកគេក៏បានប្រមានផងដែរថា ប្រសិនកម្រិតកម្ពស់ទឹកសមុទ្រកាន់តែកើនឡើង រួមនឹងតំបន់ដីសណ្ដរទន្លេមេគង្គកាន់តែបាក់ស្រុតផងនោះ ទន្លេមេគង្គនឹងលិចបាត់លឿនជាងការរំពឹងទុកទៅទៀត។ ហើយកាលពី ឆ្នាំ២០១៦ វៀតណាមក៏បានព្យាករណ៍ដែរថា ប្រហែលជា ៣៥ភាគរយ នៃតំបន់ដីសណ្ដរទន្លេមេគង្គអាចនឹងត្រូវជន់លិចនៅក្រោមទឹកនៅត្រឹម ឆ្នាំ២១០០៕

    អត្ថបទ៖ លីដា
    ប្រភព៖ vietnaminsider

    Share This Post: