ចិនថា ណាសាចង់ប្រើយានអវកាសខ្លួនដើម្បីរៀបចំបេសកកម្មស្រាវជ្រាវចន្ទគតិមួយឱ្យអាមេរិក
អ្នកវិទ្យាសាស្ត្រនាំមុខរបស់ចិនបាននិយាយកាលពីថ្ងៃអង្គារថា អ្នកវិទ្យាសាស្ត្រអវកាសអាមេរិកបានស្នើសុំការអនុញ្ញាតប្រើយានអវកាស Chang’e 4 និងផ្កាយរណបបញ្ជូនបន្តរបស់ចិន ដើម្បីជួយពួកគេរៀបចំគម្រោងបេសកកម្មឱ្យអាមេរិកនៅអឌ្ឍគោលម្ខាងទៀតនៃភពព្រះច័ន្ទ ដែលចិនទើបតែបានបង្កើតប្រវត្តិសាស្ត្រថ្មីទៅដល់ទីនោះមុនគេបង្អស់។
លោក Wu Weiren ប្រធានអ្នកវិទ្យាសាស្ត្រនៃកម្មវិធីស្រាវជ្រាវចន្ទគតិរបស់ចិនបាននិយាយថា កាលពីប៉ុន្មានឆ្នាំមុនអ្នកវិទ្យាសាស្ត្រណាសាបានធ្វើសំណើមួយនៅសន្និសីទអន្តរជាតិ។ ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិចបានស្នើឱ្យចិនពង្រីកអាយុកាលបេសកកម្មរបស់ផ្កាយរណបបញ្ជូនបន្ត Queqiao និងអនុញ្ញាតឱ្យគោមតំរុយរបស់អាមេរិកដាក់នៅលើ Chang’e 4 ដោយវានឹងជួយឱ្យអាមេរិកអាចធ្វើផែនការយុទ្ធសាស្ត្រចុះចតរបស់ខ្លួននៅលើអឌ្ឍគោលម្ខាងទៀតនៃភពព្រះច័ន្ទជាមួយ Chang’e 4 ។
លោក Wu Weiren បានបន្តប្រាប់ CCTV ថា៖ «យើងបានសួរទៅអាមេរិកថា ហេតុអ្វីបានជាគេចង់ឱ្យផ្កាយរណបបញ្ជូនបន្តរបស់ចិនអូសបន្លាយរយៈពេលដំណើរការ?» ពួកគេនិយាយថា ពួកគេដូចជាមានអារម្មណ៍អៀនខ្មាសតិចតួច ដោយពួកគេចង់ប្រើប្រាស់ផ្កាយរណបរបស់ចិនដើម្បីបេសកកម្មផ្ទាល់ខ្លួនទៅដល់អឌ្ឍគោលម្ខាងទៀតនៃភពព្រះច័ន្ទដែរ»។ ផ្កាយរណបបញ្ជូនបន្ត Queqiao នេះ គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចុះចតជាប្រវត្តិសាស្រ្តរបស់ Chang’e 4 អឌ្ឍគោលម្ខាងទៀតនៃភពព្រះច័ន្ទកាលពីថ្ងៃទី ៣ ខែមករា។
ចិនក៏បានឱ្យដឹងផងដែរថា សហរដ្ឋអាមេរិកគឺស្ថិតក្នុងចំណោមប្រទេសចំនួន ៥ ដែលបានសហការជាមួយប្រទេសចិនលើគម្រោងតាមដាននេះ ហើយដៃគូផ្សេងទៀតរួមមាន៖ ប្រទេសអាល្លឺម៉ង់ ស៊ុយអែត ហូឡង់ និងអារ៉ាប៊ីសាអ៊ូឌីត។ កាលពីថ្ងៃច័ន្ទពួកអ្នកវិទ្យាសាស្ត្រអវកាសចិនក៏បានឱ្យដឹងផងដែរថា ប្រទេសចិនកំពុងផ្លាស់ប្តូរទិន្នន័យស្រាវជ្រាវជាមួយណាសា។
យ៉ាងណាមិញណាសាមិនទាន់បានបោះពុម្ពផ្សាយសេចក្តីថ្លែងការណ៍ណាមួយស្តីពីកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយប្រទេសចិននៅឡើយ។ ប៉ុន្តែកាលពីឆ្នាំ ២០១១ សភាអាមេរិកបានអនុម័តរឹតបន្តឹងកំណត់ខ័ណ្ឌសីមាលើកិច្ចសហប្រតិបត្តិការរវាងចិន និងអាមេរិកក្នុងការរុករកអវកាសនេះ ហើយវាមិនច្បាស់ទេថា តើការចែករំលែកទិន្នន័យរបស់ចិនជាមួយណាសានឹងត្រូវចាត់ទុកថាជាការរំលោភលើបំរាមនោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ scmp