ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រថយន្ត Tesla មួយគ្រឿងកំពុងតែបើកបរស្វ័យប្រវត្តិសុខៗ​ ស្រាប់តែជាន់ហ្វ្រាំងខ្លួនឯង បណ្ដាលឱ្យរថយន្ត​ ៨គ្រឿងបន្តកន្ទុយគ្នាពេញផ្លូវ​ (មានវីដេអូ)

    BY Khmernote Media January 11, 2023
    រថយន្ត Tesla មួយគ្រឿងកំពុងតែបើកបរស្វ័យប្រវត្តិសុខៗ​ ស្រាប់តែជាន់ហ្វ្រាំងខ្លួនឯង បណ្ដាលឱ្យរថយន្ត​ ៨គ្រឿងបន្តកន្ទុយគ្នាពេញផ្លូវ​ (មានវីដេអូ)

    អាមេរិក៖ វីដេអូថតដោយកាមេរ៉ាសុវត្ថិភាពមួយនៅស្ពាន San Francisco Bay បានបង្ហាញពីទិដ្ឋភាពរថយន្ត Tesla Model S មួយគ្រឿង ដែលកំពុងបើកបរសុខៗក៏ស្រាប់តែជាន់ហ្វ្រាំងដោយខ្លួនឯង ហើយឈប់ភ្លាមៗ នៅក្នុងផ្លូវរូងក្រោមដីរបស់ស្ពាន ដែលធ្វើឱ្យរថយន្តចំនួន ៨គ្រឿងបើកមកពីក្រោយបុកបន្តបន្ទុយគ្នាពេញផ្លូវ នេះបើយោងតាមរបាយការណ៍ពី The Intercept ។ ហេតុការណ៍នោះបានកើតឡើងតាំងពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅ ដែលបណ្ដាលឱ្យមានការស្ទះផ្លូវរយៈពេលជាង ១ម៉ោង និងបណ្តាលឱ្យមនុស្ស ៩ នាក់រងរបួស រួមមានទាំងក្មេងអាយុ ២ ឆ្នាំម្នាក់ផងដែរ ហើយគិតមកដល់ពេលនេះការស្រាវជ្រាវលើករណីនេះនៅមិនទាន់បញ្ជាក់ជាផ្លូវការនៅឡើយនោះទេ។

    អ្នកបើកបររថយន្តបានប្រាប់ប៉ូលីសក្នុងតំបន់ថា នៅកំឡុងពេលកើតហេតុ រថយន្តរបស់គាត់កំពុងតែបើកបរដោយស្វ័យប្រវត្ថិតាមរយៈកម្មវិធី Full Self-Driving (FSD) របស់ក្រុមហ៊ុន Tesla ហើយរថយន្តរបស់គាត់ក៏បានបត់ចូលគន្លងខាងឆ្វេងបំផុត នៅមុនពេលរថយន្តចាប់ហ្វ្រាំងដោយខ្លួនឯង ហើយឈប់ភ្លាមៗនៅនឹងកន្លែង។ ឥឡូវនេះ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ NHTSA និងនាយកដ្ឋានដឹកជញ្ជូនរដ្ឋកាលីហ្វ័រញ៉ា កំពុងធ្វើការស៊ើបអង្កេតលើបញ្ហានេះ ដោយសារនេះមិនមែនជាលើកទី១នោះទេ ដែលប្រព័ន្ធស្វ័យប្រវត្តិរបស់ Tesla បានធ្វើឱ្យមានផលរំខាន និងគ្រោះថ្នាក់ចរាចរណ៍កើតឡើង។

    ជម្រាបដែរថា FSD គឺជាកម្មវិធីបន្ថែមលើមុខងារជំនួយអ្នកបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla ដែលអាចឱ្យរថយន្តផ្លាស់ប្តូរគន្លង ចូល និងចេញពីផ្លូវហាយវេ ស្គាល់ស្លាកសញ្ញាឈប់ និងភ្លើងចរាចរណ៍ និងឈប់ចតដោយស្វ័យប្រវត្តិ។ កម្មវិធី​នេះ​កំពុង​ស្ថិត​ក្នុង​ការ​សាកល្បង (​Beta) ហើយ​វា​នៅ​តែ​ទាមទារ​ឱ្យ​មាន​កម្មវិធី​បញ្ជា​ដែល​មាន​អាជ្ញាប័ណ្ណ​ទទួលស្គាល់ ដើម្បី​ត្រួត​ពិនិត្យ​ប្រព័ន្ធ​នេះគ្រប់​ពេល​វេលា។ ជាមួយគ្នានេះ គិតត្រឹមថ្ងៃទី២២ ខែធ្នូ យ៉ាងហោចណាស់មានករណីចំនួន ៤១ ដែលពាក់ព័ន្ធនឹងរថយន្ត Tesla ដោយសារបញ្ហាស្វ័យប្រវត្តិរបស់ក្រុមហ៊ុន រួមមានហ្វ្រាំងសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិ និង Autopilot ឬ FSD នេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Business Insider

    Share This Post: