ក្រុមហ៊ុន Meta ប្រកាសនឹង restore គណនី Facebook និង Instagram របស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ឡើងវិញឆាប់ៗនេះ
Meta Platforms បាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹង restore គណនី Facebook និង Instagram របស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រោយពីការផ្អាករយៈពេល ២ឆ្នាំ បន្ទាប់ពីកុបកម្មនៅវិមានកាពីតូលដ៏សាហាវ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។ លោក ត្រាំ មានអ្នកតាមដានចំនួន ៣៤ លាននាក់ នៅលើ Facebook និង ២៣ លាននាក់ នៅលើ Instagram ដែលជាវេទិកាដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយនយោបាយ និងការរៃអង្គាសថវិកា។ ក្រុមហ៊ុនក៏បាននិយាយនៅក្នុង blog របស់ខ្លួនដែរថា «បានដាក់របាំងការពារថ្មីដើម្បីទប់ស្កាត់បទល្មើសដដែលៗ» បន្ថែមទៀត។

លោក Nick Clegg ប្រធានកិច្ចការពិភពលោករបស់ Meta បានសរសេរថា៖«ក្នុងករណីដែលលោក ត្រាំ បង្ហោះខ្លឹមសារបំពានបន្ថែមទៀត ខ្លឹមសារនឹងត្រូវបានដកចេញ ហើយគាត់នឹងត្រូវផ្អាកពីមួយខែទៅ ២ឆ្នាំ អាស្រ័យលើទំហំនៃការរំលោភបំពាន»។
ការសម្រេចចិត្តហាមឃាត់លោក ត្រាំ គឺជាបញ្ហាធំមួយសម្រាប់ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ដោយសារពួកគេមិនដែលបិទគណនីរបស់ប្រមុខរដ្ឋសម្រាប់ការរំលោភលើច្បាប់មាតិការនោះទេ។ ក្រុមហ៊ុនបានដកហូតសិទ្ធិចូលប្រើគណនី Facebook និង Instagram របស់លោក ត្រាំ ដោយគ្មានកំណត់ បន្ទាប់ពីបានលុបការបង្ហោះរបស់គាត់ចំនួន ២ ក្នុងអំឡុងពេលអំពើហិង្សានៅវិមានកាពីតូល រួមទាំងវីដេអូដែលគាត់បាននិយាយឡើងវិញនូវការអះអាងមិនពិតរបស់គាត់ អំពីការក្លែងបន្លំអ្នកបោះឆ្នោតដែលរីករាលដាលក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia