អន្តរជាតិ

ទីក្រុង Auckland របស់ប្រទេស New Zealand ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់

BY
Khmernote Media
January 28, 2023

ទីក្រុងដ៏ធំបំផុតរបស់ប្រទេស New Zealand បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជំរុញឱ្យមានទឹកជំនន់រីករាលដាល និងការជម្លៀសចេញ។ ភ្លៀងធ្លាក់កាលពីថ្ងៃសុក្រ ក្នុងទីក្រុង Auckland បានជន់លិចផ្ទះសម្បែង ធ្វើឱ្យចរាចរណ៍ជាប់គាំង និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះ និងអាជីវកម្ម។ ទីក្រុងនេះត្រូវបានគេនិយាយថា បានទទួលរង ៧៥% នៃទឹកភ្លៀងរដូវក្តៅធម្មតារបស់ខ្លួន នៅក្នុងរយៈពេលត្រឹមតែ ១៥ ម៉ោងប៉ុណ្ណោះ។ អ្នកព្យាករណ៍ជាតិបាននិយាយថា «ទឹកភ្លៀងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ នឹងប៉ះពាល់មនុស្សជាច្រើននៅក្នុងទីក្រុង Auckland ក្នុងរយៈពេលយូរ»។

អភិបាលក្រុង Auckland លោក Wayne Brown បានបញ្ជាក់ពីសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា សាកសពមួយត្រូវបានគេរកឃើញនៅជ្រលងភ្នំ Wairau នៅលើឆ្នេរខាងជើងនៃទីក្រុង Auckland ។ លោក Brown បាន​និយាយ​ថា លោក​មាន​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ដំណឹង​នេះ។ ប៉ូលិស​មិន​បាន​បញ្ជាក់​ថា ​តើ​ការ​ស្លាប់​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​ទឹក​ជំនន់​ ឬ​យ៉ាង​ណា​នោះ​ទេ។ លោក​ក៏​បាន​និយាយ​ដែរ​ថា ​ហេដ្ឋារចនាសម្ព័ន្ធ​និង​សេវា​សង្គ្រោះ​បន្ទាន់​ត្រូវ​បាន​រារាំងដោយ​ឥទ្ធិពល​នៃ​ព្យុះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ ទីភ្នាក់ងារអគ្គីភ័យ និងគ្រោះអាសន្ន នូវែលសេឡង់ បាននិយាយថា ខ្លួនបានកំពុងនិងដោះស្រាយជាមួយនឹងការហៅទូរស័ព្ទប្រហែល ១,៥០០ លើក សម្រាប់ការស្វែងរកជំនួយ។ ឥឡូវនេះ កងកម្លាំងការពារប្រទេសនូវែលសេឡង់ កំពុងជួយជម្លៀសពលរដ្ឋ ហើយជម្រកសង្គ្រោះបន្ទាន់ត្រូវបានបង្កើតឡើងនៅទូទាំងទីក្រុង៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: