អន្តរជាតិ

ភ្ញៀវជនជាតិថៃម្នាក់បាញ់ម្ចាស់ Resort ឲ្យរងរបួសធ្ងន់ ព្រោះខឹងមិនឲ្យបន្ទប់ស្នាក់នៅ Free

BY
Khmernote Media
January 30, 2023

ថៃ៖ ម្ចាស់ Resort មួយកន្លែងត្រូវបានភ្ញៀវម្នាក់បាញ់ឲ្យរងរបួសធ្ងន់ព្រោះតែរូបគាត់បានបដិសេដមិនឲ្យភ្ញៀវដែលជាជនដៃដល់រូបនោះស្នាក់នៅក្នុងបន្ទប់សម្រាកដោយមិនគិតថ្លៃ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា  ហេតុការណ៍នេះបានកើតឡើងនៅក្នុង Resort Rayong ស្ថិតនៅក្នុងខេត្ត Rayong ភាគខាងត្បូងនៃប្រទេសថៃ ខណៈម្ចាស់ Resort ដែលជាជនរងគ្រោះមានឈ្មោះថា Thanapisit Thanaratpiwat និងមានអាយុ ៤២ឆ្នាំ។

ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុមានបុរសម្នាក់ឈ្មោះ Munkong Ratanavijit អាយុ ៣២ឆ្នាំបានទៅជួលប​ន្ទប់សម្រាប់ស្នាក់នៅក្នុង Resort ខាងលើ តែនៅពេលម្ចាស់ Resort សុំឲ្យគាត់បង់ប្រាក់គាត់បានប្រាប់វិញថា គាត់គ្មានលុយនោះទេ។ ភ្លាមៗនោះម្ចាស់ Resort ក៏បានបដិសេដមិនឲ្យភ្ញៀវដែលគ្មានប្រាក់រូបនេះស្នាក់នៅឡើយ ហើយពេលនោះបុរសជាភ្ញៀវក៏បានទាញកាំភ្លើងបាញ់ទៅលើម្ចាស់ Resort តែម្តង។

ក្រោយធ្វើសកម្មភាពបាញ់រួច បុរសជាភ្ញៀវក៏បានបន្តទៅស្នាក់ក្នុងបន្ទប់ដែលគាត់បានជួល ខណៈបន្តិចក្រោយមកប៉ូលិសក៏បានទៅឡោមព័ន្ធបន្ទប់នោះដើម្បីចាប់ខ្លួនគាត់ផងដែរ។ យ៉ាងណាក្តី ជនដៃដល់មិនបានប្រគល់ខ្លួនឲ្យប៉ូលិសចាប់តាមសម្រួលឡើយ ហើយក្រោយមកប៉ូលិសក៏បានបាញ់ឲ្យគាត់រងរបួសទើបអាចចាប់ខ្លួនគាត់បាន។ ក្រោយការចាប់ខ្លួនប៉ូលិសបានរកឃើញនៅក្នុងខ្លួនជនដៃដល់មានគ្រឿងញៀនប្រភទមេតំហ្វេតាមីនចំនួន ២០០គ្រាប់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: