វៀតណាមសុខចិត្តចំណាយ ៥៨ ពាន់លានដុល្លារ ដើម្បីស្តារគម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ភាគខាងជើងទៅភាគខាងត្បូង
វៀតណាម៖ ប្រទេសវៀតណាមបានងើបឡើងវិញនូវគម្រោងផ្លូវដែកល្បឿនលឿន ដោយមានបំណងភ្ជាប់ផ្លូវដែកនេះទៅភាគខាងជើង និងខាងត្បូង ប៉ុន្ដែដោយសារវិបត្តិសារពើពន្ធកាលពីដើមទសវត្សកន្លងទៅធ្វើឱ្យគម្រោងនេះផ្អាកទៅវិញ។ ប៉ុន្តែដោយកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ពួកគេបានផ្តល់មូលនិធិដល់ផែនការនេះចំនួន ៥៨ពាន់លានដុល្លារ (៥៨,០០០,០០០,០០០)។ ផ្លូវដែកនេះអាចតភ្ជាប់នឹងរដ្ឋធានី ហាណូយ នៅភាគខាងជើង ជាមួយនឹងមជ្ឈមណ្ឌលពាណិជ្ជកម្ម ហូជីមិញ នៅភាគខាងត្បូង ដែលកាត់បន្ថយពេលវេលាធ្វើដំណើរពីរយៈពេល ៣០ម៉ោង ដោយផ្លូវដែកធម្មតា មកត្រឹម ៥ម៉ោងកន្លះ តាមរយៈរថភ្លើងដែលមានសមត្ថភាពអាចធ្វើដំណើរបាន ៣៥០គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ប្រភពមួយបានឱ្យដឹងថា ការធ្វើដំណើរមួយជើងអាចនឹងចំណាយអស់ពី ៥០ ទៅ ៩០ដុល្លារ ឬប្រហែលពាក់កណ្តាលនៃតម្លៃសំបុត្រយន្តហោះ។ ខ្សែរថភ្លើងប្រវែង ១,៥៦០គីឡូម៉ែត្រ នឹងត្រូវបើកឱ្យដំណើរការក្នុងដំបូងនៅ ឆ្នាំ២០៣០ ដោយចាប់ផ្តើមពីចំងាយ ២៨០គីឡូម៉ែត្រ ពីទីក្រុងហាណូយ និងខេត្ត វីង និងចំងាយ ៣៦០គីឡូម៉ែត្រ តភ្ជាប់ទីក្រុងហូជីមិញ និងឆ្នេរសមុទ្រ Nha Trang ។ ខ្សែបន្ទាត់ដែលនៅសល់នឹងត្រូវបានសាងសង់ឡើងជាបណ្តើរៗដោយរំពឹងថា នឹងបញ្ចប់នៅ ឆ្នាំ២០៤៥ ៕
អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider