អន្តរជាតិ
ខេត្តស៊ីឈួនរបស់ចិននឹងអនុញ្ញាតឲ្យពលរដ្ឋដែលមិនបានរៀបការអាចមានកូនដោយស្របច្បាប់
ចិន៖ តាមធម្មតាដើម្បីទទួលបានកូនម្នាក់ដោយស្របច្បាប់គឺលោកអ្នកត្រូវតែរៀបការដោយស្របច្បាប់ជាមុនសិន ទើបអាចទទួលបានលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់ចុះបញ្ជីជាតិកំណើតកូន និងដើម្បីបង្ហាញសិទ្ធជាអាណាព្យាបាលរបស់កូន។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹង អាជ្ញាធរខេត្ត ស៊ីឈួន ភាគខាងត្បូងប្រទេសចិននឹងអនុញ្ញាតឲ្យពលរដ្ឋដែលមិនបានរៀបការអាចមានកូនដោយស្របច្បាប់បានផងដែរ។

ច្បាប់ថ្មីនេះនឹងចាប់ផ្តើមមានសុពលភាពចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈនេះតទៅ ហើយតាមរយៈការអនុវត្តច្បាប់ពិសេសមួយនេះគឺមានន័យថា គ្រប់ពលរដ្ឋទូទៅទោះបានរៀបការឬមិនបានរៀបការដោយស្របច្បាប់ក៏ដោយ តែពួកគេមានសិទ្ធស្មើគ្នាក្នុងការបង្កើតកូនដោយស្របច្បាប់ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺអាជ្ញាធរខេត្តស៊ីឈួននឹងអនុញ្ញាតឲ្យពលរដ្ឋខ្លួនអាចមានកូនច្រើនដោយមិនកំណត់ចំនួនទៀតផង។ គួរបញ្ជាក់ជូនថា សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយកំណើតប្រជាជនចិនមានការថយចុះគួរឲ្យកត់សម្គាល់ ខណៈរដ្ឋាភិបាលចង់លើកទឹកចិត្តឲ្យពលរដ្ឋរបស់ខ្លួនសម្រេចចិត្តយកកូន៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
អន្តរជាតិ
ក្រុមហ៊ុន Walt Disney ផ្តើមកាត់បន្ថយបុគ្គលិក ៧,០០០នាក់ដើម្បីឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុ
អាមេរិក៖ ក្រុមហ៊ុន Walt Disney ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកំសាន្តដ៏ធំរបស់អាមេរិកនោះបានចាប់ផ្តើមអនុវត្តគម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា គម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះត្រូវបានក្រុមហ៊ុនជូនដំណឹងតាំងពីដើមឆ្នាំនេះម្ល៉េះ ខណៈការសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនដូចនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីគ្រប់គ្រងលើការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅនឹងប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។

ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Walt Disney បានផ្តើមជួបប្រទះនូវការបរាជ័យជាលើកដំបូងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមរកប្រាក់ចំណូលតាមរយៈការធ្វើ Video Streaming ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Netflix Inc. ហើយបូករួមជាមួយវិបត្តិសេដ្ឋកិច្ចសកលទៀតនោះគឺវាបានធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Bob Iger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកចំនួន ៧,០០០នាក់ខាងលើនេះនឹងជួយធ្វើឲ្យក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា ៥,៥ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia