ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    កុំឱ្យកូនសិស្សហត់នឿយខ្លាំងពេក សាលារៀនមួយចំនួននៅប្រទេសចិនបានរៀបចំឱ្យមានជាកៅអី ដែលអាចបត់គេងបានសម្រាប់កូនសិស្សសម្រាក

    BY Khmernote Media January 30, 2023
    កុំឱ្យកូនសិស្សហត់នឿយខ្លាំងពេក សាលារៀនមួយចំនួននៅប្រទេសចិនបានរៀបចំឱ្យមានជាកៅអី ដែលអាចបត់គេងបានសម្រាប់កូនសិស្សសម្រាក

    សាលាបឋមសិក្សាមួយនៅក្នុងប្រទេសចិន ត្រូវបានមហាជនកោតសរសើរចំពោះការផ្លាស់ប្តូររបស់ពួកគេ ដោយការអនុញ្ញាតឱ្យកូនសិស្សបោះតង់ (មុងដូចតង់) ដើម្បីឱ្យពួកគេអាចគេងលើឥដ្ឋបានយ៉ាងងាយស្រួល ខណៈសិស្សសាលាបឋមសិក្សាជាច្រើនផ្សេងទៀត សម្រាកម៉ោងថ្ងៃត្រង់ដោយក្រាបដេកនៅលើតុ ឬធ្វើអង្គុយធ្វើកិច្ចការផ្ទះ។ បើយោងតាមសារព័ត៌មាន South China Morning Post បាននិយាយថា នៅអំឡុងម៉ោងសម្រាកថ្ងៃត្រង់ សាលាបឋមសិក្សា Xingfuhe ក្នុងក្រុង Hangzhou នៃខេត្ត Zhejiang បានអនុញ្ញាតឱ្យកូនសិស្សគេងនៅក្នុងតង់ ដែលរៀបចំនៅក្នុងបន្ទប់សាលប្រជុំសម្រាប់រយៈពេល ៤០នាទី។

    នាយកសាលាលោក Zhou Hong បាននិយាយថា ពួកគេបានចាប់ផ្តើមគម្រោង «ម៉ោងគេង» កាលពីឆ្នាំមុន ដោយដាក់កន្ទេលនៅលើឥដ្ឋសម្រាប់កូនសិស្សដែលងងុយគេង ដើម្បីបង្កើនសុខភាព និងការគេងរបស់ពួកគេ។ សិស្ស​ដែល​គេង​លើ​តុ​នឹង​ប្រឈមនឹងការស្ពឹកដៃជើង។ វា​ក៏​អាក្រក់​សម្រាប់​ឆ្អឹងខ្នង​របស់​ពួកគេ ហើយ​នឹង​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​គេង​របស់​ពួកគេផងដែរ​»​។ អ្នកគ្រូ Zhang Songjun ដែលជាគ្រូបង្រៀនរបស់សាលា Xingfuhe បាននិយាយថា សិស្សអាចរៀបចំតង់ដោយខ្លួនឯង ហើយត្រូវបានលើកទឹកចិត្តឱ្យមានការតុបតែង ដាក់សញ្ញាផ្សេងៗ និងបង្កើតច្បាប់សម្រាប់ការគេងរបស់ពួកគេផ្ទាល់។

    ជម្រាបផងដែរថា មិនមែនត្រឹមតែសាលាបឋម Xingfuhe ដែលរៀបចំឱ្យកូនសិស្សអាចសម្រាកម៉ោងទំនេរពេលថ្ងៃត្រង់បាននោះទេ ថ្មីៗនេះក៏មានសាលារៀនជាច្រើនទៀត បានដាក់ចេញគោលការណ៍កំណត់ឱ្យមានម៉ោងគេងសម្រាប់សិស្ស ហើយពួកគេបានរៀបចំប្រភេទកៅអីដែលអាចបត់គេងបាន ដើម្បីសម្រួលដល់ការហត់នឿយ និងលើកកម្ពស់សុខភាពកូនសិស្ស៕

    អត្ថបទ៖ លីដា
    ប្រភព៖ SCMP, People’s Daily

    Share This Post: