អន្តរជាតិ
អាជ្ញាធរថៃគ្រោងចែកចាយស្រោមអនាម័យ ៩៥លានស្រោមដោយឥតគិតថ្លៃ មុនថ្ងៃ Valentine’s Day ចូលមកដល់
ថៃ៖ អាជ្ញាធរថៃគ្រោងនឹងធ្វើការចែកចាយស្រោមអនាម័យចំនួន ៩៥លានស្រោមដោយឥតគិតថ្លៃទៅកាន់ប្រជាពលរដ្ឋខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃអង្គារ ទី៣១ ខែមករានេះ។ យុទ្ធនាការចែកស្រោមអនាម័យដោយមិនគិតថ្លៃនេះគឺជាផ្នែកមួយនៃគម្រោងទប់ស្កាត់ការរាតត្បាតជំងឺកាមរោគ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុកដែលតែងកើតមានក្នុងចំណោមយុវវ័យថៃនាពេលកន្លងមក។

ប្រភពខាងលើបានបន្តថា យុទ្ធនាការចែកស្រោមអនាម័យដោយមកគិតថ្លៃនេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១ខែកុម្ភៈនេះតទៅ ខណៈយុទ្ធនាការនេះត្រូវបានដាក់ចេញដើម្បីឆ្លើយតបនឹងការមកដល់នៃទិវាក្តីស្រលាញ់ Valentine’s Day ដែលជាទិវាមានប្រភពមកពីអឺរ៉ុបនិងត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈជារៀងរាល់ឆ្នាំ។ គួររម្លឹកជូនថា នៅក្នុងរបាយការណ៍សុខភាពរបស់អាជ្ញាធរថៃកាលពីឆ្នាំ ២០២១ បានបង្ហាញថា យុវតីថៃប្រមាណជា ២៤,៤ %ក្នុងចំណោមមនុស្ស ១,០០០នាក់ ដែលមានអាយុចន្លោះពី ១៥ ដល់ ១៩ឆ្នាំបានធ្វើការរំលូតកូន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
អន្តរជាតិ
ក្រុមហ៊ុន Walt Disney ផ្តើមកាត់បន្ថយបុគ្គលិក ៧,០០០នាក់ដើម្បីឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុ
អាមេរិក៖ ក្រុមហ៊ុន Walt Disney ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកំសាន្តដ៏ធំរបស់អាមេរិកនោះបានចាប់ផ្តើមអនុវត្តគម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា គម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះត្រូវបានក្រុមហ៊ុនជូនដំណឹងតាំងពីដើមឆ្នាំនេះម្ល៉េះ ខណៈការសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនដូចនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីគ្រប់គ្រងលើការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅនឹងប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។

ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Walt Disney បានផ្តើមជួបប្រទះនូវការបរាជ័យជាលើកដំបូងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមរកប្រាក់ចំណូលតាមរយៈការធ្វើ Video Streaming ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Netflix Inc. ហើយបូករួមជាមួយវិបត្តិសេដ្ឋកិច្ចសកលទៀតនោះគឺវាបានធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Bob Iger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកចំនួន ៧,០០០នាក់ខាងលើនេះនឹងជួយធ្វើឲ្យក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា ៥,៥ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia