អន្តរជាតិ

កុមារាកម្ពុជាមានជំងឺបេះដូងម្នាក់ ដែលទទួលបានការព្យាបាលជោគជ័យនៅមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូល បានជួបប្រធានាធិបតី និងលោកជុំទាវទី១របស់កូរ៉េខាងត្បូង មុនត្រឡប់មកកម្ពុជាវិញ

BY
Khmernote Media
February 1, 2023

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា ប្រធានាធិបតីលោក Yoon Suk Yeol និងលោកជុំទាវទី១ Kim Keon Hee កាលពីថ្ងៃអង្គារម្សិលមិញនេះ បានជួបជាមួយកុមារកម្ពុជាម្នាក់ ដែលបានវះកាត់បេះដូងដោយជោគជ័យនៅទីក្រុងសេអ៊ូល។ លោកស្រី Kim បានជួបកុមារាឈ្មោះ អោក រដ្ឋា ម្ដងរួចមកហើយនៅភ្នំពេញ កំឡុងខែវិច្ឆិកា ឆ្នាំ២០២២ ខណៈពេលដែលលោកស្រីអមដំណើរលោកប្រធានាធិបតី ក្នុងដំណើរទស្សនកិច្ចផ្លូវការមកកាន់កម្ពុជា។ ក្មេងប្រុសនេះមានអាយុ ១៤ឆ្នាំ មានជំងឺបេះដូងពីកំណើត ហើយគាត់បានទទួលការវះកាត់នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Asan ក្នុងទីក្រុងសេអ៊ូល កាលពីខែធ្នូ។

លោក Yoon និងលោកស្រី Kim បានសម្តែងការជូនពរសម្រាប់ការជាសះស្បើយយ៉ាងឆាប់រហ័សកុមារារូបនេះ នៅក្នុងអំឡុងពេលកិច្ចប្រជុំនៅឯការិយាល័យប្រធានាធិបតីនៅ Yongsan ។ ការិយាល័យប្រធានាធិបតីបាននិយាយថា លោក Yoon បានផ្តល់បាល់មួយឱ្យគាត់ សម្រាប់ជាកាដូ ដោយរំលឹកថា រដ្ឋា មិនដែលបានលេងកីឡានោះទេពីមុនមក។ ជា​ថ្នូរ​នឹង​ការ​ជូន​កាដូ រដ្ឋា ក៏បាន​បង្ហាញ​ប័ណ្ណ​ថ្លែងអំណរគុណ​ជាមួយ​នឹងរូប​​ផ្កា។ មន្ត្រីមកពីមន្ទីរពេទ្យ និងក្រុមហ៊ុនអាកាសចរណ៍ Korean Air ដែលគាំទ្រការធ្វើដំណើររបស់កុមារាទៅកាន់ទីក្រុងសេអ៊ូល ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ។

ការពិតទៅ រដ្ឋា ធ្លាប់បានទទួលការវះកាត់បេះដូងក្នុងឆ្នាំ២០១៨ ប៉ុន្តែមិនមានលទ្ធភាពធ្វើការវះកាត់ក្រោយៗបន្ទាប់ទៀតឡើយ ដោយសារតែគ្រួសាររបស់គាត់ជួបការលំបាកផ្នែកសេដ្ឋកិច្ច។ ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោកស្រី Kim ក៏បាន​ទៅ​មើល​មន្ទីរពេទ្យ និង​ផ្ទះ​របស់​កុមារាផ្ទាល់ ហើយ​បាន​ពិភាក្សា​អំពី​វិធី​ផ្តល់​ការ​ព្យាបាលដល់ រដ្ឋា ទៀតផង៕

អត្ថបទ៖ លីដា
ប្រភព៖ Korea Times

Share This Post: