អន្តរជាតិ

ស្រី្តឥណ្ឌាម្នាក់ បានក្លាយជាម្ចាស់កំណត់ត្រាដ៏ថ្មីស្រឡាងមួយ ក្រោយរូបគាត់បានបរិច្ចាគទឹកដោះផ្ទាល់ខ្លួនជាង ១០៥លីត្រទៅកាន់ទារក ២,៥០០នាក់

BY
Pheakdey
February 1, 2023

ឥណ្ឌា៖ ស្រ្តីជនជាតិឥណ្ឌាម្នាក់បានក្លាយជាម្ចាស់ឯកត្តកម្មក្នុងសៀវភៅ India Book ចំពោះកំណត់ត្រាដ៏ថ្មីស្រឡាងមួយ ក្រោយរូបគាត់បានបរិច្ចាគទឹកដោះផ្ទាល់ខ្លួនរបស់គាត់រហូតដល់ជាង ១០០លីត្រ ដើម្បីជួយទារកជាច្រើននាក់ផ្សេងទៀតក្នុងហេតុផលមនុស្សធម៌។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ស្រ្តីរូបនេះមានឈ្មោះថា Srividya និងទើបតែបានសម្រាលកូនទី ២របស់គាត់ផងដែរ។

ប្រភពខាងលើបានបន្តថា អ្នកស្រី Srividya ហាក់មានទឹកដោះពីធម្មជាតិច្រើនជាងមនុស្សស្រីធម្មតា​ ខណៈក្រោយពីគាត់បានបំបៅកូនរបស់គាត់ក្នុងបរិមាណគ្រប់គ្រាន់ហើយ គាត់នៅតែអាចមានទឹកដោះក្នុងបរិមាណដ៏ច្រើនបន្ថែមទៀតផងដែរ។ ដូចនេះហើយគាត់តែងតែធ្វើការបរិច្ចាគទឹកដោះដែលមានលើសពីតម្រូវការរបស់គាត់នោះ ដើម្បីជួយទារកនៅតាមមន្ទីរពេទ្យ និងនៅតាមមូលនិធិសប្បុរសធម៌សម្រាប់ថែទាំទារកជាច្រើនកន្លែង។ អ្នកម្តាយដែលមានចិត្តសប្បុរសរូបនេះ បានផ្តើមបរិច្ចាគទឹកដោះរបស់គាត់ចាប់តាំងពីខែមេសា ដល់ខែតុលា ឆ្នាំ២០២២ ហើយទឹកដោះដែលគាត់បានបរិច្ចាគសរុបនោះមានចំណុះ ១០៥ លីត្រ និង៩៨០ មីលីលីត្រ ខណៈទឹកដោះដ៏ច្រើននេះ ត្រូវបានគេយកទៅបែកចែកឲ្យទារកដែលកំពុងខ្វះទឹកញ៉ាំបានចំនួន ២,៥០០នាក់ឯណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: