អន្តរជាតិ

យុវជនវ័យ ១៨ឆ្នាំម្នាក់ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ក្រោយបានរៀបចំគម្រោងវាយប្រហារទីតាំងសំខាន់ៗជាច្រើននៅសិង្ហបុរី

BY
Liny Chan
February 2, 2023

សិង្ហបុរី៖ យុវជនដែលជានិស្សិតជនជាតិសិង្ហបុរីម្នាក់ ​ត្រូវបានអាជ្ញាធរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន​ ក្រោយបានរកឃើញថា យុវជនវ័យ ១៨ឆ្នាំរូបនេះ មានគម្រោងចង់ធ្វើការវា.យប្រហារនៅតាមទីតាំងសំខាន់ៗជាច្រើននៅក្នុងប្រទេសសិង្ហបុរី។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី១ ខែកុម្ភៈនេះបានបញ្ជាក់ថា យុវជនរូបនេះមានឈ្មោះថា Muhammad Irfan Danyal Mohamad Nor និងជាអ្នកគាំទ្រចលនាសាសនាឥស្លាមជ្រុលនិយមដ៏ងប់ងល់ម្នាក់។

ប្រភពខាងលើបានបន្តថា តាមគម្រោងគឺយុវជនរូបនេះចង់ធ្វើការវា.យប្រហារនៅជំរុំកងទ័ពសិង្ហបុរី កន្លែងបញ្ចុះសាកសព និងទីប្រជុំសំខាន់ៗ​មួយចំនួនទៀតនៅក្នុងប្រទេសសិង្ហបុរី។ ជាងនេះទៅទៀតយុវជនរូបនេះ ក៏មានបំណងចង់ធ្វើការវាយប្រហារដោយអាវុធនៅឯបរទេសផងដែរ បន្ថែមពីលើគម្រោងវាយប្រហារនៅក្នុងប្រទេសសិង្ហបុរី។ រហូតមកទល់នឹងពេលនេះ អាជ្ញាធរសិង្ហបុរីនៅមិនទាន់អាចរកឃើញអ្នកដែលមានការពាក់ព័ន្ធជាមួយយុវជនរូបនេះនៅឡើយទេ ពោលគឺអ្វីៗគ្រប់យ៉ាងរូបគេជាអ្នកធ្វើតែម្នាក់ឯង ដោយរូបគេបានប្រើប្រាស់បណ្តាញអ៉ីនធឺណិតធ្វើជាប្រព័ន្ធផ្សព្វផ្សាយគំនិតនិងគម្រោងរបស់គេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia

 

Share This Post: