អន្តរជាតិ
មន្ទីរបញ្ចកោណអាមេរិកអះអាងថា បាឡុងដែលជាចារកម្មរបស់ចិនបានហោះកាត់ទឹកអាមេរិកនិងកំពុងពិចារណាធ្វើការបាញ់ទម្លាក់
អាមេរិក៖ មន្ទីរបញ្ចកោណអាមេរិកបានអះអាងថា បាឡុងដែលជាចារកម្មរបស់រដ្ឋាភិបាលចិនបានហោះកាត់ទឹកដីអាមេរិកជាច្រើនថ្ងៃមកហើយ នេះបើយោងតាមចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកុម្ភៈនេះ។ គួរបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសទាក់ទងនឹងបញ្ហាចារកម្មរវាងប្រទេសមហាអំណាចទាំង ២នេះ តែងកើតមានជារឿយៗនាពេលកន្លងមក ពោលគឺបញ្ហានេះមិនមែនជារឿងថ្មីឡើយ។

យ៉ាងណាក្តី រឿងចម្រូងចម្រាសចាស់មួយនេះបានកើតឡើងនៅក្នុងរូបភាពថ្មី ត្បិតនាពេលកន្លងមកអាមេរិកតែងចោទប្រកាន់ថាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនមានដូចជា ក្រុមហ៊ុនទូរស័ព្ទ ក្រុមហ៊ុនលក់និងផ្តល់សេវាកាមេរ៉ាសុវត្ថិភាព និងសូម្បីតែក្រុមហ៊ុនបណ្តាញសង្គម TikTok គឺសុទ្ធតែជាចារកម្មជួយស៊ើបការសង្ងាត់ឲ្យរដ្ឋាភិបាលចិន ខណៈនាពេលនេះអាមេរិកបានចោទប្រកាន់រឿងដដែលនេះទៅលើបាឡុងដែលបានហោះនៅលើអាកាសវិញម្តង។ ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងពេលនេះមានមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើននាក់កំពុងស្នើសុំទៅលោកប្រធានាធិបតី ចូ បៃឌិន ដើម្បីបាញ់ទម្លាក់បាឡុងរបស់ចិននោះហើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
អន្តរជាតិ
ក្រុមហ៊ុន Walt Disney ផ្តើមកាត់បន្ថយបុគ្គលិក ៧,០០០នាក់ដើម្បីឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុ
អាមេរិក៖ ក្រុមហ៊ុន Walt Disney ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកំសាន្តដ៏ធំរបស់អាមេរិកនោះបានចាប់ផ្តើមអនុវត្តគម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា គម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះត្រូវបានក្រុមហ៊ុនជូនដំណឹងតាំងពីដើមឆ្នាំនេះម្ល៉េះ ខណៈការសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនដូចនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីគ្រប់គ្រងលើការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅនឹងប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។

ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Walt Disney បានផ្តើមជួបប្រទះនូវការបរាជ័យជាលើកដំបូងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមរកប្រាក់ចំណូលតាមរយៈការធ្វើ Video Streaming ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Netflix Inc. ហើយបូករួមជាមួយវិបត្តិសេដ្ឋកិច្ចសកលទៀតនោះគឺវាបានធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Bob Iger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកចំនួន ៧,០០០នាក់ខាងលើនេះនឹងជួយធ្វើឲ្យក្រុមហ៊ុនអាចសន្សំសំចៃប្រាក់បានប្រមាណជា ៥,៥ពាន់លានដុល្លារ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia