អន្តរជាតិ

ក្រុមហ៊ុនមួយនៅចិន បានយកប្រាក់រង្វាន់លើកទឹកចិត្ត ៦១លានយន់ (ជាង ៩លានដុល្លារ) មកតម្រៀងគរដូចភ្នំ ហើយហៅបុគ្គលិកឆ្នើមមកយកម្នាក់ម្តងៗ

BY
Liny Chan
February 3, 2023

ចិន៖ ក្រុមហ៊ុននីមួយៗតែងមានយុទ្ធសាស្រ្តផ្សេងៗគ្នាក្នុងការលើកទឹកចិត្តបុគ្គលិករបស់ខ្លួន ខណៈជាទូទៅគេបានមើលឃើញថា ក្រុមហ៊ុនចិនតែងរៀបចំយុទ្ធសាស្រ្តប្លែកៗដើម្បីធ្វើឲ្យបុគ្គលិកខ្លួនទទួលបានភាពរីករាយអមជាមួយនិងអារម្មណ៍ភ្ញាក់ផ្អើល។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ក្រុមហ៊ុនរបស់ចិនមួយបានយកក្រដាសប្រាក់ដែលមានតម្លៃសរុប ៦១លានយន់ (ជាង ៩លានដុល្លារ)​ មករៀបជាភ្នំមួយ ដើម្បីផ្តល់ជាប្រាក់រង្វាន់លើកទឹកចិត្តជូនចំពោះក្រុមបុគ្គលិកឆ្នើម។

ប្រភពខាងលើបានបញ្ជាក់ថា​ ក្រុមហ៊ុនខាងលើនេះមានឈ្មោះ Henan Mine ជាក្រុមហ៊ុនលក់រថយន្តស្ទូច និងរថយន្តសម្រាប់ប្រើប្រាស់ក្នុងការដ្ឋានសំណង់គ្រប់ប្រភេទ និងជាក្រុមហ៊ុនដែលមានឥទ្ធិពលបំផុតមួយនៅក្នុងប្រទេសចិនផងដែរ។ សម្រាប់បុគ្គលិកដែលត្រូវមកទទួលប្រាក់រង្វាន់ដ៏ច្រើនសម្បើមខាងលើនេះ គឺសុទ្ធតែជាប្រធានផ្នែកលក់នៅតាមតំបន់ផ្សេងៗគ្នា មានចំនួនសរុប ៤០នាក់​ ខណៈក្នុងម្នាក់ៗអាចទទួលបានប្រាក់រង្វាន់ចាប់ពី ១លានយន់ (ជិត ១៥ម៉ឺនដុល្លារ) រហូតដល់ ៥លានយន់ (ជាង ៧៤ម៉ឺនដុល្លារ) អាស្រ័យទៅតាមទំហំស្នាដៃជាក់ស្តែងរបស់ពួកគាត់។ អ្វីដែលជារឿងគួរឲ្យកត់សម្គាល់បំផុតនោះ គឺក្រុមបុគ្គលិកត្រូវឡើងមកទទួលរង្វាន់ម្នាក់ម្តងៗ ហើយពួកគេត្រូវអោបលុយទាំងបាច់ៗត្រលប់ទៅវិញ ខណៈអ្នកខ្លះត្រូវឡើងមកទទួលលុយជាច្រើនដង ទើបអាចប្រមូលលុយដែលជាចំណែករបស់ពួកគាត់អស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: