PR

ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ចូលរួមចំណែកដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់លទ្ធភាពទទួលបានទឹកប្រើប្រាស់

BY
Liny Chan
February 6, 2023

ភ្នំពេញ, ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣៖ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានប្រគល់ប្រព័ន្ធស្រោចស្រពជូនឧទ្យានជាតិជួរភ្នំក្រវាញ ក្រោមវត្តមាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងពិធីប្រគល់-ទទួល ដែលបានធ្វើឡើងកាលពីថ្ងៃទី០៤ ខែកុម្ភៈ នៅឯទីស្នាក់ការឧទ្យានជាតិជួរ ភ្នំក្រវាញ នាខេត្តកំពង់ស្ពឺ។

ការប្រគល់ជូនប្រព័ន្ធស្រោចស្រពនេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងជាសកលរបស់ ក្រុមហ៊ុនកូកា-កូឡាដើម្បី រួមចំណែកដល់និរន្តរភាព ភាពធន់នឹងអាកាសធាតុ និងការកសាងអនាគតរួមគ្នាកាន់តែប្រសើរសម្រាប់សហគមន៍មូលដ្ឋាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថានបានអញ្ជើញចូលរួមក្នុងពិធីប្រគល់ – ទទួលអំណោយនេះ រួមជាមួយសមាជិក សហគមន៍ មូលដ្ឋាន និងក្រុមការងារមកពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា។

ថ្លែងនៅក្នុងពិធីប្រគល់-ទទួល ប្រព័ន្ធស្រោចស្រពនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖ «ក្នុងនាមក្រសួងបរិស្ថាន ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនកូកា-កូឡាកម្ពុជាដែលបានចូលរួមជាមួយក្រសួងបរិស្ថានក្នុងកិច្ចការពារធម្មជាតិ និងបរិស្ថានតាមរយៈការផ្តល់ប្រព័ន្ធស្រោចស្រពថ្នាលបណ្តុះកូនឈើ។ កូនឈើដែលបណ្តុះបាននឹងត្រូវចែកជូនដល់អាជ្ញាធរ បងប្អូនប្រជាពលរដ្ឋសហគមន៍ដើម្បីយកទៅដាំនៅតាមសហគមន៍ និងជាពិសេសដើម្បីផ្តល់ជូនដល់ភ្ញៀវទេសចរដែលមកកាន់តំបន់ខ្នងផ្សារ ចូលរួមដាំបង្កើតភាពបៃតងក្រោមទិសស្លោក«ទេសចរម្នាក់ ដើមឈើមួយដើម»។ កម្ពុជាបាន ស្ថិតក្នុងរបត់ថ្មីមួយដែលទទួលបានប្រាក់ចំណូលពីការអភិរក្សតាមរយៈការលក់ឥណទានកាបូន និងទេសចរណ៍ធម្មជាតិ។ ទេសចរណ៍ធម្មជាតិដែលកំពុងផ្តល់ចំណូលដល់ប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិនានា។»

ប្រព័ន្ធស្រោចស្រពដែលបានប្រគល់ជូនឧទ្យានជាតិជួរភ្នំក្រវាញនេះ គឺជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពមួយ ដែលមានម៉ាស៊ីន បូមទឹកប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) និងទុយោទឹកដែលរំពឹងថា នឹងបង្កើនអត្រាប្រជែងរស់សម្រាប់កូនឈើដែលចាប់ពន្លកថ្មី ចំនួន ៤០ ០០០ដើម នៅក្នុងឧទ្យានជាតិក្នុងរយៈកាល៤ឆ្នាំខាងមុខ។ កូនឈើទាំងនេះ នឹងត្រូវយកទៅដាំនៅទីតាំងចាំបាច់នានា ដែល អាជ្ញាធរ ឧទ្យានជាតិជា អ្នកកំណត់ដែលជាវិធានការដ៏សំខាន់មួយ ក្នុងការកាត់បន្ថយផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ។

កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនិងចីរភាពប្រចាំប្រទេសនៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន កូកា-កូឡា យើងប្តេជ្ញាចូលរួមចំណែកក្នុងសកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ការប្រគល់ ប្រព័ន្ធស្រោចស្រពនេះ គឺជាឧទាហរណ៍ជាក់ស្តែងមួយអំពីការប្តេជ្ញាចិត្តរបស់យើងចំពោះការកាត់បន្ថយឧស្ម័នកាបូនិក របស់ក្រុមហ៊ុន យើងការការពារជីវចម្រុះ និងការកសាងភាពធន់ នឹងអាកាសធាតុ»។

ក្នុងគម្រោងប្រហាក់ប្រហែលគ្នានេះដែរ ដែលបានប្រព្រឹត្តទៅនៅដើមឆ្នាំ២០២១ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក្រោមការសហការជាមួយ អាជ្ញាធរជាតិអប្សរា បានប្រគល់អណ្តូងទឹកប្រើថាមពលពន្លឺព្រះអាទិត្យ សម្រាប់ស្រោចស្រពកូនឈើ និងសួនបៃតង នៅតំបន់អង្គរ ដែល ស្ថិតនៅក្នុងភូមិលាងដៃស្រុកអង្គរធំ ខេត្តសៀមរាប

ក្រៅពីសកម្មភាពទាក់ទង នឹងអាកាសធាតុ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា ក៏បានធ្វើកិច្ចការដើម្បីផ្តល់ជូនទឹកស្អាតដល់សហគមន៍ មូលដ្ឋានផងដែរ តាមរយៈគម្រោងដំឡើង ប៉ម ចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan របស់ខ្លួន ក្រោមកិច្ចសហការជាមួយ មូលនិធិ Planet Water ។ ក្រុមហ៊ុននឹងដំឡើងប៉ម ចម្រោះទឹកស្អាត និងផ្តល់ជូន ម៉ាស៊ីន លាងសម្អាត បន្ទាប់ទឹក AquaSan AquaTowers ទី៤៣ និងទី៤៤ ក្នុងពេលឆាប់ៗនេះ នៅក្នុងពិធីមួយស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ប៉មចម្រោះទឹកស្អាត AquaTower និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan ចំនួន៤២ ឈុត ដែលបានផ្តល់ជូនសហគមន៍នាពេលកន្លងមក កំពុងផ្តល់ ជូនទឹកស្អាតដល់ប្រជាជនជាង ៧៣ ០០០ នាក់។

គួរបញ្ជាក់ថា ក្រុមហ៊ុនកូកា-កូឡា ប្តេជ្ញាចិត្តសម្រេចឱ្យបានគោលដៅរបស់ខ្លួន ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័ន ផ្ទះកញ្ចក់ ២៥% នៅត្រឹមឆ្នាំ២០៣០ និងមានគោលដៅសម្រេចឱ្យបានការបំភាយឧស្ម័នកាបូនិចសូន្យ នៅត្រឹមឆ្នាំ២០៥០។ ក្រុមហ៊ុន សម្រេចបាន គោលដៅ ឆ្នាំ២០២០ របស់ខ្លួនជាមួយនឹងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចរបស់ខ្លួនចំនួន ២៥% នៅដំណាច់ឆ្នាំ២០២០ ធៀប នឹងទិន្នន័យគោលនៅឆ្នាំ២០១០៕

Share This Post: