តួលេខអ្នកបាត់បង់ជីវិត ដោយគ្រោះរញ្ជួយដីនៅតួគី និងស៊ីរី បានកើតឡើងដល់ជាង ៤,៣០០នាក់ហើយ
- BY
- Pheakdey
- February 7, 2023
របាយការណ៍ចុងក្រោយមួយស្តីពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួគីនិងប្រទេសស៊ីរីបានបង្ហាញថា គិតត្រឹមរសៀលថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតបានកើតឡើងដល់ជាង ៤,៣០០នាក់ហើយ ខណៈតួលេខបឋមកាលពីព្រឹកមិញគឺចំនួនអ្នកស្លាប់មានត្រឹមជាង ៣,៧០០នាក់ប៉ុណ្ណោះ។ របាយការណ៍ខាងលើនេះក៏បានបង្ហាញដែរថា គ្រោះរញ្ជួយដីបានបំផ្លាញអគារអស់ប្រមាណជា ៥,៦០០កន្លែង ខណៈទំហំនៃការខូចខាតសរុបនៅមិនទាន់ត្រូវបានគេធ្វើការវាយតម្លៃបាននៅឡើយទេ។

សូមបញ្ជាក់ជូនថា គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិតរហូតដល់ ៧,៨ រ៉ិចទ័រ ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់កើតមាននៅក្នុងទីតាំងកើតហេតុខាងលើនេះទេ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ ក៏មានពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានរងរបួសធ្ងន់និងស្រាលផងដែរ។ ផ្លូវសំខាន់ៗជាច្រើននៅក្នុងប្រទេសតួគី ត្រូវបានកាត់ផ្តាច់ទាំងស្រុង ខណៈនៅក្នុងប្រទេសស៊ីរីវិញ គឺមានពលរដ្ឋរាប់លាននាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនដើម្បីទៅរកកន្លែងស្នាក់នៅដោយសុវត្ថិភាពជាបណ្តោះអាសន្នសិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Strait Times
- Share This Post:






