អន្តរជាតិ

ការសិក្សាមួយបានរកឃើញថា ពលរដ្ឋថៃគ្រោងនឹងចំណាយប្រាក់សរុបរហូតដល់ ៧១លានដុល្លារនៅក្នុងថ្ងៃ Valentine’s Day ខាងមុខនេះ

BY
Pheakdey
February 8, 2023

ថៃ៖ ការសិក្សាមួយបានបង្ហាញថា​ពលរដ្ឋថៃអាចនឹងចំណាយប្រាក់រួមគ្នារហូតដល់ ២,៣៩ពាន់លានបាត (ជាង ៧១លានដុល្លារអាមេរិក) ដើម្បីអបអរនៅក្នុងទិវានៃសេចក្តីស្រលាញ់ Valentine’s Day ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៨ ខែកុម្ភៈនេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើយដោយសាកលវិទ្យាល័យ University of the Thai Chamber of Commerce។

ប្រភពខាងលើបានបន្តថា ទំហំទឹកប្រាក់ដែលពលរដ្ឋថៃនឹងធ្វើការចំណាយរួមគ្នាខាងលើនេះមានការកើនឡើង ៥៧,១% បើធៀបទៅនឹងទំហំទឹកប្រាក់នៃការចំណាយនៅក្នុងទិវាដដែលនេះកាលពីឆ្នាំមុន។ សូមបញ្ជាក់ជូនថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងតា​មរយៈការស្ទង់មតិចំពោះប្រជាពលរដ្ឋដែលគ្រោងនឹងទិញអំណោយគ្រប់ប្រភេទ ឬរៀបចំកម្មវិធីផ្សេងៗនៅក្នុងថ្ងៃពិសេសខាងលើ​នេះ និងទំហំទឹកប្រាក់ជាមធ្យមដែលពួកគេម្នាក់នឹងធ្វើការចំណាយ ខណៈពលរដ្ឋថៃម្នាក់ៗគ្រោងនឹងចំណាយជាធម្យម ១,៨៤៨ បាត (៥៥ ដុល្លារអាមេរិក)៕

អត្ថបទ៖​ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: