អន្តរជាតិ

រូបភាពរំជួលចិត្ត! ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ យកដៃបាំងក្បាលការពារប្អូនប្រុសអស់រយៈពេល ១៧ម៉ោង នៅក្រោមគំនរបាក់បែក ក្រោយប្រទេសនាងតូចជួបគ្រោះរញ្ជួយដីដ៏អាក្រក់

BY
Khmernote Media
February 9, 2023

មហាជននៅលើបណ្ដាញអ៊ីនធឺណិត កំពុងកោតសរសើរ និងមានការរំជួលចិត្តយ៉ាងខ្លាំង ចំពោះទឹកចិត្តជាបងស្រី របស់ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ ដែលបានយកដៃបាំងក្បាលប្អូនតូចរបស់នាង អស់រយៈពេល ១៧ម៉ោង នៅពីក្រោមផ្ទាំងបេតុងដែលបាក់បែក បន្ទាប់ពីប្រទេសរបស់នាងតូចបានជួបនឹងគ្រោះរញ្ជួយដីដ៏អាក្រក់បំផុត។ រូបភាព និងវីដេអូរបស់ក្មេងស្រី ត្រូវបានចែកចាយពេញបណ្ដាញសង្គម ហើយរូបថតដែលក្មេងស្រីបាំងក្បាលឱ្យប្អូនប្រុស ក៏ត្រូវបានតំណាងអង្គការសហប្រជាជាតិបង្ហោះនៅលើបណ្ដាញ Twitter ផងដែរ។ រំលឹកដែរថា គ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារប្រទេសទួរគី និងស៊ីរី កាលពីថ្ងៃចន្ទ ហើយគិតមកទល់ពេលនេះ មនុស្សមិនក្រោម ៧,៧០០ នាក់ នោះទេដែលបានស្លាប់ ហើយចំនួននឹងកើនឡើងបន្ថែមទៀត។

លោក Mohamad Safa អ្នកតំណាងអង្គការសហប្រជាជាតិបានបង្ហោះរូបភាពនេះនៅលើបណ្ដាញ Twitter របស់គាត់ ដោយបានសរសេរថា៖«ក្មេងស្រីអាយុ ៧ឆ្នាំ បានដាក់ដៃបាំងក្បាលការពារប្អូនប្រុសតូចរបស់នាង ខណៈដែលពួកគេនៅក្រោមគំនរបាក់បែកអស់ ១៧ ម៉ោង ពេលនេះពួកគេបានរួចពីគ្រោះថ្នាក់ហើយ។ ខ្ញុំ​ឃើញ​អត់​មាន​អ្នក​ចែក​រំលែករូបនេះ​ទេ។ បើនាងតូចស្លាប់បាត់ នោះប្រហែលមានអ្នកស៊ែរចែកគ្នា! សូមចែករំលែកភាពវិជ្ជមាន»។ អ្នកលេងបណ្ដាញម្នាក់​ទៀត ក៏​បាន​ចែករំលែក​វីដេអូ​របស់​ក្មេងស្រី​តូច ដោយសរសេរថា៖«ខណៈជាប់គាំងនៅក្រោមគំនរផ្ទះដែលបាក់បែករបស់នាង ក្មេងស្រីជនជាតិស៊ីរីអាយុ ៧ឆ្នាំដ៏ស្រស់ស្អាតនេះ បានយកដៃបាំងក្បាលប្អូនប្រុស ដើម្បីការពារគាត់ពីរបួស។ នាងតូចក្លាហានណាស់។ ពួកគេទាំងពីរបានផុតគ្រោះថ្នាក់នេះហើយ»៕

អត្ថបទ៖ លីដា
ប្រភព៖ Business Today

Share This Post: