អន្តរជាតិ

អាមេរិកអះអាងថាបាឡុងចារកម្មរបស់ចិនបានហោះនៅជុំវិញពិភពលោក ខណៈ NATO ក៏កំពុងព្រួយបារម្ភចំពោះករណីនេះដែរ

BY
Pheakdey
February 9, 2023

អាមេរិក៖ សហរដ្ឋអាមេរិកបានអះអាងថា បាឡុងដែលត្រូវបានគេសង្ស័យថាជាចារកម្មរបស់រដ្ឋាភិបាលចិននោះមិនមែនហោះកាត់ត្រឹមតែទឹកដីអាមេរិកនោះទេ តែវាបានបង្ហាញខ្លួននៅលើទឹកដីនៃទ្វីបចំនួន ៥ផ្សេងគ្នា ឬអាចនិយាយបានថា វាបានបង្ហាញខ្លួនជាលក្ខណៈសកលនៅស្ទើរតែជុំវិញពិភពលោក។ បើយោងតាមការចុះផ្សាយរបស់​បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ នេះបានបញ្ជាក់ថា សូម្បីតែអង្គការ NATO ក៏បង្ហាញពីក្តីព្រួយបារម្ភចំពោះករណីបាឡុងចារកម្មនេះផងដែរ។

បើតាមលោក Antony Blinken ដែលជារដ្ឋមន្ត្រីការបរទេសអាមេរិកបានឲ្យដឹងថា អាមេរិកបានជូនដំណឹងដ៏រសើបខាងលើនេះទៅកាន់ប្រទេសជាច្រើនរួចហើយឲ្យមានការប្រុងប្រយ័ត្នចំពោះវត្តមានរបស់បាឡុងដែលជាចារកម្មរបស់រដ្ឋាភិបាលចិន ហើយក្នុងករណីចាំបាច់ត្រូវធ្វើការបាញ់កម្ទេចបាឡុងនោះចោលតែម្តង ដើម្បីកុំឲ្យវាបង្កជាបញ្ហាធ្ងន់ធ្ងរនៅពេលខាងមុន។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុនកងម្លាំងអាមេរិកបានប្រើមីស៊ីលបាញ់កម្ទេចបាឡុងរបស់ចិនមួយរួចហើយ ដោយអាមេរិកបានចោទប្រកាន់ថា បាឡុងនោះ គឺជាបាឡុងចារកម្ម ខណៈភាគីខាងចិនបានបញ្ជាក់ថា វាគឺជាបាឡុងធម្មតា និងបានហោះទៅកាន់ទឹកដីអាមេរិកដោយចៃដន្យប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: