ថៃសម្រេចមិនចូលរួមប្រកួត «គុនខ្មែរ» អំឡុងពេលស៊ីហ្គេម នៅកម្ពុជាទេ ដោយសំអាងហេតុផលបែបនេះ
ថៃ៖ មន្ត្រីថៃ បានបញ្ជាក់ជាថ្មីកាលពីម្សិលមិញថានឹងមិនបញ្ជូនអត្តពលិកទៅប្រកួតគុនខ្មែរនៅស៊ីហ្គេមឆ្នាំនេះនៅកម្ពុជាទេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BANGKOK POST នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក Sakchye Tapsuwan ប្រធានសហព័ន្ធអន្តរជាតិនៃសមាគម«Muay Thai»(IFMA) បានប្រាប់សន្និសីទសារព័ត៌មានថា ប្រទេសថៃមិនអាចចូលរួមក្នុងវិញ្ញាសាប្រដាល់«គុនខ្មែរ»បានទេ ព្រោះវាផ្ទុយនឹងច្បាប់របស់គេ។
លោក Sakchye បាននិយាយថា៖ «យើងមានការគោរពចំពោះគុនខ្មែរ។ ប៉ុន្តែយើងមិនអាចបញ្ជូនអត្តពលិកទៅប្រកួតបានទេ ព្រោះវាខុសនឹងច្បាប់របស់ IFMA ហើយថៃមិនមានសមាជិកនៅក្នុងសមាគមគុនខ្មែរ។ យើងបានពិភាក្សាជាមួយមន្ត្រីនៅគណៈកម្មាធិការជាតិអូឡាំពិកថៃ ហើយពួកគេបានយល់ព្រមជាមួយយើងជាគោលការណ៍»។
ប្រធាន IFMA បាននិយាយថែមទៀតថា ប្រទេសដែលចូលរួមប្រកួតកីឡាគុនខ្មែរនៅស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង Asian Indoor and Martial Arts Games នៅប្រទេសថៃនៅចុងឆ្នាំនេះទេ។
អគ្គលេខាធិការសហព័ន្ធមួយថៃ(IFMA) លោក Stephan Fox បានប្រាប់សន្និសីទសារព័ត៌មានកាលពីម្សិលមិញថា សមាគមគុនខ្មែរមានសមាជិកតិចជាង ៤០ប្រទេស ហើយមិនបានរៀបចំព្រឹត្តិការណ៍អន្តរជាតិយ៉ាងហោចណាស់បីទេ។ លោក Fox បានបន្តថា៖ «ដូច្នេះគុនខ្មែរមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាវិញ្ញាសាកីឡានៅក្នុងការប្រកួតស៊ីហ្គេម»។ លោកបានបន្តថា៖ «យើងបានជូនដំណឹងដល់សមាជិកស៊ីហ្គេមថា ថៃមិនអាចចូលរួមក្នុងព្រឹត្តិការណ៍នេះបានទេ។ ដោយនេះមិនមែនជាការធ្វើពហិការទេគឺធ្វើទៅតាមច្បាប់»៕


អត្ថបទ៖ ណារ៉ែន
ប្រភព៖ បាងកកប៉ុស្ដិ៍