ចិនផ្តល់ជំនួយជិត ៦០០លានដុល្លារអាមេរិកដល់កម្ពុជា ខណៈកម្ពុជានឹងនាំចេញនូវអង្ករចំនួន ៤០០,០០០តោនទៅចិនវិញ
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ប្រទេសចិនបានផ្តល់ជំនួយ ៤ពាន់លានយ័ន (៥៨៨លានដុល្លារអាមេរិក) ជាជំនួយដល់ប្រទេសកម្ពុជាសម្រាប់ ឆ្នាំ២០១៩ ដល់ ឆ្នាំ២០២១ ដោយបានគូសបញ្ជាក់ពីចំណងទាក់ទងយ៉ាងរឹងមាំរវាងក្រុងប៉េកាំង និងរាជធានីភ្នំពេញ ចំពេលមានការគំរាមកំហែងនៃការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប។ លោកហ៊ុនសែនកំពុងមានដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តក្នុងតំបន់ដ៏សំខាន់បំផុតរបស់លោក ហើយបានធ្វើកិច្ចចរចាទ្វេភាគីជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនភីង នៅក្នុងទីក្រុងប៉េកាំង ដែលក្នុងនោះលោកបានស្នើសុំជំនួយ និងការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យវាយនភ័ណ្ឌដ៏សំខាន់មកលើកម្ពុជា។
យ៉ាងណាមិញលោក ហ៊ុន សែន ក៏បានឱ្យដឹងនៅលើទំព័រ Facebook ថា លោកស៊ី ជីនភីង បានសន្យាផ្តល់ជំនួយសម្រាប់ឆ្នាំ ២០១៩-២០២១ មកកម្ពុជា ហើយមេដឹកនាំចិន ក៏បានសន្យានាំចូលអង្ករចំនួន ៤០០,០០០តោនពីកម្ពុជាផងដែរ ដោយបានសន្យាថា នឹងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យបាន ១០ពាន់លានដុល្លារ នៅឆ្នាំ ២០២៣ និងលើកទឹកចិត្តដល់អ្នកវិនិយោគចិនឱ្យវិនិយោគមកលើកម្ពុជាកាន់តែច្រើន៕
អត្ថបទ៖ លីដា
ប្រភព៖ asia.nikkei