បុរសម្នាក់បរិភោគទុរេនច្រើនពេក រហូតដល់ឈាមច្រមុះដេកស្លាប់ក្នុងរថយន្តរបស់ខ្លួន
យោងតាមកាសែត Tribun News បានឱ្យដឹងថា បុរសម្នាក់ត្រូវបានរកឃើញស្លាប់នៅថ្ងៃសៅរ៍ ទី១៩ ខែមករា នៅក្នុងឡានដឹកអីវ៉ាន់មួយ នៅក្រុង Tangerang ប្រទេសឥណ្ឌូនេស៊ី ហើយមូលហេតុនៃការស្លាប់នេះត្រូវបានគេសង្ស័យថា ដោយសារគាត់បរិភោគទុរេនច្រើនជ្រុល។ ជនរងគ្រោះមានឈ្មោះថា Adie គឺជាអ្នកបើកបររថយន្តដឹកជញ្ជូនសាធារណៈនៅក្នុងប្រទេស ហើយគាត់ក៏ធ្លាប់មានប្រវត្តិឡើងសម្ពាធឈាមខ្ពស់ដែរ។ មន្ដ្រីអង្គភាពស៊ើបអង្កេតបទឧក្រិដ្ឋ Alexander Yuriko បាននិយាយថា ជនរងគ្រោះបានបរិភោគទុរេនយ៉ាងច្រើន នៅយប់មុនពេលគាត់ត្រូវគេរកឃើញស្លាប់។
បើតាមសាក្សីម្នាក់មានឈ្មោះថា Dedi បានឱ្យដឹងថា គាត់បានឃើញរថយន្តរបស់ Adie និងបានទៅជិតរថយន្តនោះ ដោយសារគាត់មិនឃើញ Adie ដឹកអីវ៉ាន់ឱ្យនរណាម្នាក់តាំងពីព្រឹកមកម្ល៉េះ ក្រោយមកគាត់ឃើញ Adie ដេកស្លាប់ដោយមានឈាមហូរចេញពីច្រមុះរបស់គាត់។ យ៉ាងណាមិញគ្រួសាររបស់គាត់បានបដិសេធមិនអនុញ្ញាតឱ្យអាជ្ញាធរធ្វើកោសល្យវិច័យលើសាកសពគាត់ឡើយ ហើយគាត់ត្រូវបានគេយកមកធ្វើបុណ្យនៅក្នុងស្រុកកំណើតនៅឯកោះជ្វាខាងលិច ប្រទេសឥណ្ឌូនេស៊ី។ ទោះបីជាគ្មានភស្តុតាងបង្ហាញពីទំនាក់ទំនងរវាងទុរេន និងការឡើងសម្ពាធឈាមក៏ដោយ ទុរេនមានអាស៊ីតច្រើន ហើយវាមានជាតិប៉ូតាស្យូមខ្ពស់ផងដែរ។ ការទទួលទានអាហារដែលសម្បូរប៉ូតាស្យូមច្រើនពេក វាអាចនាំអោយមានសម្ពាធឈាមខ្ពស់ ដូចនេះវាអាចបណ្តាលឱ្យអ្នកស្លាប់បាន៕



អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz