អន្តរជាតិ

ជប៉ុនបើកផ្លូវឲ្យកងយោធាបាញ់ទម្លាក់ភ្លាមៗនូវបាឡុងនិងវត្ថុអាថ៌កំបាងដែលបានហោះកាត់ដែនអាកាសរបស់ខ្លួនដោយគ្មានការអនុញ្ញាត

BY
Pheakdey
February 16, 2023

ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនបានសម្រេចបើកផ្លូវឲ្យកងយោធាអាចបាញ់ទម្លាក់បាឡុងនិងវត្ថុអាថ៌កំបាង ដែលបានហោះកាត់ដែនអាកាសរបស់ប្រទេសជប៉ុនដោយមិនចាំបាច់មានការសម្រេចផ្លូវការពីរដ្ឋាភិបាលនោះទេ ដ្បិតការសម្រេចផ្លូវការអាចត្រូវការពេលយូរបន្តិចហើយអាចធ្វើឲ្យខកខានក្នុងការបាញ់ទម្លាក់។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗក្រោយអាជ្ញាធរជប៉ុនបានសង្ស័យថា ចិនបានបង្ហោះបាឡុងចារកម្មចំនួន ៣ចូលមកកាន់ដែនអាកាសរបស់ខ្លួនកាលពីឆ្នាំ ២០១៩កន្លងទៅ ខណៈពលនោះរដ្ឋាភិបាលជប៉ុនហាក់មានភាពចន្លោះប្រហោងក្នុងការឆ្លើយតបនឹងបញ្ហា ហើយខកខានមិនបានបាញ់ទម្លាក់បាឡុងទាំងនោះឡើយ។

បើតាមលោក​ Yasukazu Hamada រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថា យោងតាមសេចក្តីសម្រេចខាងលើនេះគឺចាប់ពីពេលនេះតទៅកងកម្លាំងការពារដែនអាកាសជប៉ុនបានប្រើប្រាស់មីស៊ីលភ្លាមៗដើម្បីបាញ់ទម្លាក់បាឡុង ឬវត្ថុហោះមិនស្គាល់អត្តសញ្ញាណ (UFOs) ដែលបានហោះកាត់ដែនអាកាសជប៉ុនដោយគ្មានការអនុញ្ញាត។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះអាមេរិកបានបាញ់ទម្លាក់បាឡុងមួយ ដែលអាមេរិកបានចោទប្រកាន់ថា គឺជាបាឡុងចារកម្មរបស់រដ្ឋាភិបាលចិន ហើយអាមេរិកបានអះអាងទៀតថា​ បាឡុងដែលជាចារកម្មរបស់ចិនដូចគ្នានេះបានហោះកាត់ស្ទើរតែគ្រប់ប្រទេសនៅជុំវិញពិភពលោកទៅហើយ ខណៈប្រទេសមួយចំនួនមិនបានចាប់អារម្មណ៍នោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times 

Share This Post: