អន្តរជាតិ

បុរសម្នាក់ត្រូវប្រពន្ធប្តឹងលែងលះដើម្បីបែងចែកទ្រព្យទៅតាមច្បាប់ ក្រោយរូបគាត់បានលាក់បាំងប្រពន្ធរឿងត្រូវឆ្នោត ១០លានយន់ (១,៥លានដុល្លារ) អស់រយៈពេល ២ឆ្នាំ

BY
Pheakdey
February 17, 2023

ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវប្រពន្ធប្តឹងសុំលែងលះដល់តុលាការក្រោយរូបគាត់បានលាក់បាំងប្រពន្ធរឿងត្រូវឆ្នោតចំនួន ១០លានយន់ (ជិត ១,៥លានដុល្លារអាមេរិក)។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Zhejiang ភាគខាងជើងប្រទេសចិន ខណៈបុរសជាប្តីដែលមានចិត្តមិនស្មោះត្រង់ជាមួយប្រពន្ធរូបនេះមានឈ្មោះថា Zhou។

រូបតំណាង

ប្រភពខាងលើបានបន្តថា លោក Zhou បានឈ្នះឆ្នោតរង្វាន់ធំខាងលើនេះអស់រយៈពេល ២ឆ្នាំមកហើយ​ តែរូបគាត់បានលាក់បាំងរឿងនេះមិនឲ្យប្រពន្ធរបស់គាត់ដឹងទាល់តែសោះ។ ក្រោយត្រូវឆ្នោតភ្លាមលោក Zhou បានទិញផ្ទះឲ្យប្អូនស្រីមួយកន្លែងក្នុងតម្លៃ ២លាន​យន់ (ប្រហែល ៣០ម៉ឺនដុល្លារ) និងទិញខុនដូមួយកន្លែងតម្លៃ ៧០ម៉ឺនយន់ (ប្រហែល ១០ម៉ឺនដុល្លារ) ជូនអតីតភរិយារបស់គាត់ ហើយប្រាក់ដែលនៅសល់គឺគាត់ទុកសម្រាប់ចាយវាយតែម្នាក់ឯង។

យ៉ាងណាក្តី ថ្មីៗនេះប្រពន្ធស្របច្បាប់ក្នុងពេលបច្ចុប្បន្នរបស់គាត់គឺលោកស្រី Lin បានដឹងរឿងរ៉ាវទាំងអស់នេះ ហើយគាត់ក៏សម្រេចប្តឹងលែងលះទៅតាមច្បាប់តែម្តង។ គួរបញ្ជាក់ជូនថា យោងតាមទៅតាមច្បាប់បែងចែកទ្រព្យសម្បត្តិប្តីប្រពន្ធនៅក្នុងប្រទេសចិនគឺលោកស្រី Lin នឹងត្រូវទទួលបានចំណែកពាក់កណ្តាលនៃទ្រព្យសរុបដែលប្តីគាត់កំពុងមាន និងទ្រព្យ២ភាគ៣ នៃលុយ ២៧លានយន់ (ប្រហែល ៤០ម៉ឺនដុល្លារ) ដែលប្តីរបស់គាត់បានយកទៅផ្ទះនិងខុនដូជូនប្អូននិងអតីតប្រពន្ធមកវិញផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Next Shark

 

Share This Post: